ក្នុងរយៈពេល១៨​ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានចុះល្បាតចំនួន ៦ ៥៤៥ លើក ដោយល្បាតបានចំងាយ ២៤៥ ០០០ គម

AKP កោះកុង ថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២០–

គ្រាន់តែក្នុងរយៈពេល ១៨​ខែចុងក្រោយនេះ មន្ត្រី​ឧ​ទ្យា​នុរក្សនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញបានចុះល្បាតចំនួន ៦ ៥៤៥ លើក ដោ​​យ​​ល្បាតបានចំងាយ ២៤៥ ០០០ គម ។

ក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ រយៈ​ពេ​ល​ពី​រថ្ងៃសម្រាប់អ្នកយក​សារព័ត៌មានធ្វើដំណើរទៅកាន់ព្រៃ​ឈើតំប​ន់ជួ​រភ្នំក្រវា​ញនៅ​ព្រឹ​កថ្ងៃទី​៩​ខែ​ក​ក្កដាឆ្នាំ២០២០នេះលោក អ៊ែនឌី ប៊ល មន្រ្តីទំនាក់ទំនង អង្គការស​ម្ព័ន្ធមិត្ត​​ស​ត្វ​ព្រៃបានឱ្យដឹងថា ការខិតខំធ្វើការរបស់មន្ត្រីបានផ្ដល់នូវល​ទ្ធផលដោយបានដោះ​អន្ទា​ក់បា​ន​ចំ​នួន ៣២ ៣២២ អន្ទាក់ រឹបអូសរណាយន្ដបាន ១ ៩៥៤ គ្រឿង រឹបអូសឈើខុសច្បាប់បានចំនួន ២ ១៧៨ មចាប់បញ្ជូនជនសង្ស័យទៅតុលាការបាន ៨៧ នាក់ ចាប់ឃាត់​មធ្យោបាយ​ដឹក​ជ​ញ្ជូ​ន​​បាន ១ ០១៩ គ្រឿង និងបានទប់ស្កាត់ការរុកទានទន្ទ្រានយកដីរដ្ឋបានចំនួន ១៧២ ករ​ណី ។

ក្នុងដំណើរទស្សនកិច្ចនេះ អ្នកចូលរួមក៏បានទៅទស្សនាសហគ​មន៍អេកូទេសច​រណ៍​ជី​ផា​​ត​​ដែលជាគម្រោងជ័យលាភីអន្ដរជាតិ និងបានចាប់បើកទ្វារក្នុងឆ្នាំ ២០០៨ ។​មុនពេលចា​ប់​ផ្ដើ​មបើកទ្វារ​ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាទីកន្លែងនៃការកាប់ឈើ និងការប​របាញ់​ស​ត្វព្រៃខុសច្បាប់ដើម្បីទ្រទ្រង់ជីវភាពរស់នៅ ដែលព្រៃឈើនិងសត្វព្រៃ​ត្រូវ​បាន​ទ​ទួ​ល​រងនូ​វ​កា​រ​បំផ្លិចបំផ្លាញ ។ អាស្រ័យដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហគមន៍ជីផាតបាន​អភិវឌ្ឍជីវភាពរស់នៅរបស់ខ្លួនប្រកបដោយនិរន្ដភាព ដែលអាចឲ្យសហគមន៍នេះបានរំដោះខ្លួនឆ្ងាយចេញពីការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើកសិកម្មពនេចរ និងការបរបាញ់សត្វព្រៃ ហើយឥឡូវនេះបានងាកមក​ពឹងផ្អែកលើអេ​កូទេសច​រណ៍​ជា​ប្រ​ភពចំណូលរបស់ខ្លួនវិញ ។

ការការពារព្រៃឈើបានក្លាយជាមានសារៈសំខាន់ជាអាយុជីវិតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជីផាត ដោយសារតែភ្ញៀវទេសចរអន្ដរជាតិពីគ្រប់ទិសទីនៅជុំវិញពិភពលោកបានមកទស្សនាសត្វព្រៃដែលជាប្រភេទកំពុងរងគ្រោះស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចំនួន​៥៥ ប្រភេទ ដោយចំនួនភ្ញៀវមានរហូតដល់ ៣ ០០០ នាក់ គឺគិតតែក្នុងឆ្នាំ ២០១៩ ។

ដំណើរទស្សនកិច្ចនេះក៏បានឆៀងចូលទៅទស្សនាភូមិសុវណ្ណាបៃតងដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយអភិវឌ្ឍប្រកបដោយនិរន្ដភាពនូវជីវភាពកសិករដែលក្រីក្របំផុត និងអត់មានដី នៅក្នុងព្រៃឈើតំបន់ជួរភ្នំក្រវាញអស់រយៈពេលជាង ១៧ ឆ្នាំ​ ។ គម្រោងបានផ្ដោតជាសំខាន់ទៅការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន ២២០ គ្រួសារដែលពីមុនមកធ្លាប់បានបំផ្លិចបំផ្លាញព្រៃឈើដោយការកាប់ព្រៃធ្វើចំការពនេចរ និងបរបាញ់សត្វព្រៃ ។ អាស្រ័យដោយសារគម្រោងនេះ ទើបដីព្រៃរងទឹកភ្លៀងទំហំ ៥ ៦១០ ហិចតាត្រូវបានសង្គ្រោះ ពីការកាប់ដុតព្រៃនៅចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០២០ នេះ ។

ដោយមានជំនួយបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ប្រជាពលរដ្ឋក្នុងភូមិនេះបានទទួលចំណេះផ្នែកគ្រប់គ្រងប្រាក់កាក់ ជំនាញកសិកម្មបែបទំនើប ក៏ដូចជាបានបង្កើត និងគ្រប់គ្រងសមាមគមន៍កសិកម្មសហគមន៍ និងឃ្លាំងលក់សម្ភារកសិកម្ម ដែលគ្រប់គ្រងមើលពីលើផលិតកម្មកសិកម្ម ផ្សព្វផ្សាយលក់ផលិតផលនៅទីផ្សារ ការថែទាំសុខភាព ការអប់រំ ការអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធឥណទានខ្នាតតូច ។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្ដិរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ តែបានសំដែងនូវអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សព្រៃឈើតំបន់ជួរភ្នំក្រវាញ “អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបាននិងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេសដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលំអរជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វព្រៃពីព្រាននិងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ជាព្រៃឈើទីជម្រាលប្រភពទឹក ជាអលង្ការជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា”៕

អត្ថបទៈ គង់ សិរីរ័ត្ន,ឬូបភាពៈ អ៊ុន រិទ្ធី