រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សារួមយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ

AKP បាត់ដំបង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០–

ព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សារួមយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ក្រោមអធីបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់ទៀត។

បន្ទាប់ពីស្តាប់ មន្រ្តីពាក់ព័ន្ធឡើងមានមតិចូលរួមផ្សេងៗគ្នា ទៅលើសេចក្តីព្រាងច្បាប់ដែលពាក់ព័ន្ធទៅនឹងសណ្តាប់ធ្នាប់សាធារណៈ ដូចជាអនាម័យបរិស្ថាន ការចោលនិងទុកដាក់សំរាម ការលក់ដូរលើចិញ្ចើមផ្លូវ ការចតរថយន្តគ្មានសណ្តាប់ធ្នាប់កន្លងមក។ ដោយសារមានភាពខ្វះខាត គ្មានច្បាប់ដើម្បីអនុវត្តន៍នាពេលកន្លងមក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃការបើកកិច្ចប្រជុំនេះ គឺដើម្បីបានមតិ យោបល់ជួយពិនិត្យសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ធ្វើការពិភាក្សាគ្នាទៅវិញទៅមក ដើម្បីឱ្យប្រាកដថា ច្បាប់នេះឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដោយធ្វើយ៉ាងណាកុំឱ្យមានការឆកល្វែងត្រង់ចំណុចណាមួយឡើយ ។

ឯកឧត្តម ងួន រតនៈ បានធ្វើការបូកសរុបកិច្ចប្រជុំដោយបានបញ្ជាក់ថា មិនចាំបាច់ច្បាប់ចូលជាធរមានទើបចុះអនុវត្តន៍ទេ គឺអាចចុះធ្វើបានបន្តទៀតដោយផ្អែក និងពាក់ព័ន្ធលើច្បាប់សណ្តាប់ចរាចរណ៍ដែលមានរួចទៅហើយ។ ឯកឧត្តម បានជម្រាបដល់អភិបាលក្រុង ស្រុក សមត្ថកិច្ចជាមន្រ្តីនគរបាលយុត្តិធម៌ យកទៅកែសម្រួលហើយផ្ញើត្រឡប់មកខេត្តវិញដើម្បីជាគំនិតរួម ហើយពិក្សាគ្នាសម្រេច រួចដាក់ឆ្លងទៅថ្នាក់លើពិនិត្យសម្រេច ចូលជាធរមានក្នុងពេលឆាប់ៗនេះផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)