ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី​១៣ អាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០

នៅព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវ សុខ ចន្ទធូ សមាជិកក្រុមប្រឹក្សាខេត្ត និងមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

កិច្ចប្រជុំបានយកចិត្តទុកដាក់ ចំពោះការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុង និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសូមឱ្យមានការរឹតបន្តឹងការត្រួត ពិនិត្យចរាចរណ៍ផ្លូវ គោកបន្ថែមទៀត។

លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា បញ្ហាចរាចរណ៍យើង បានយកចិត្តទុកដាក់  ជាពិសេសនៅរៀងរាល់ខែនីមួយៗ យើងបានអនុវត្តន៍រឹតបន្តឹង ច្បាប់ចរាចរណ៍ជាប្រចាំ។

សូមបញ្ជាក់ថា របៀបវារៈដែលបានលើកយកមក អនុម័តនាឱកាសនេះរួមមាន៖ ១-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ធំ។ ទី៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តឆ្នាំ២០២០-២០២២ និង៤-បញ្ហាផ្សេងៗ៕

ដោយ ស៊ុម វណ្ណា