រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយដៃគូអភិវឌ្ឍន៍

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជាមួយដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើពីរចំណុចគឺ៖ ទី១. របាយការណ៍វឌ្ឍនភា​ព​​ប្រចាំ ឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី​៣ និងទី២. ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍លើ របាយការណ៍វឌ្ឍនភាពប្រ​ចាំ​ឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី​៣។

តាមរយៈការរៀបចំជាប្រព័ន្ធវីដេអូ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោ​កជំទាវ ថ្នាក់ដឹកនាំ និងជាសមាជិកគណៈកម្មាធិការដឹក នាំការងារកែទម្រង់ការគ្រប់គ្រងហិរ​ញ្ញ​​វត្ថុសាធារណៈ, តំណាងដៃគូអភិវឌ្ឍន៍ (សហភាពអឺរ៉ុប ធនាគារពិភពលោក ធនាគារ អភិវឌ្ឍន៍អា​ស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ  និងអង្គការយូនីសេហ្វ) និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

ទី១- វឌ្ឍនភាពប្រចាំឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣៖ ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៩ សម្រេ​ច​បានវឌ្ឍនភាពល្អប្រសើរលើគ្រប់ផ្នែកនៃក្របខ័ណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី ៣រួមមាន៖ “ភាពជឿទុកចិត្តនៃថវិកា” នៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាព នៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន ១៣១ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើ ២៧ ៧៤០ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន ៩៩,០៥ភាគរយ  ឬស្មើ ២៣​ ៤៦៨ ប៊ីលានរៀល។ “ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ” ត្រូវបាន និងកំពុងកសាងតាមរយៈការ ដាក់ឱ្យប្រើប្រា​ស់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវកា​រនៅគ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុ, រតនាគារទាំង ២៥ រាជធានី-ខេ​ត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន៣៧។ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” បាន និងកំពុងផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជាតា​ម​​រ​យៈការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ថវិកាជាឧបករណ៍សម្រាប់ជំរុញការអភិវឌ្ឍតាមវិស័យ។ គិតត្រឹមឆ្នាំ២០១៩ ថវិកាកម្ម វិធីត្រូវបានដាក់ឱ្យអនុវត្តន៍គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន១​៨​។ រដ្ឋបាលរាជធានី-ខេត្តផ្សេងទៀត នឹងត្រូវដាក់ឱ្យអនុវត្តន៍ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២​០​២​១។ “សម្រាប់ការត្រៀម ខ្លួនជំហានបន្ទាប់ ឬគណនេយ្យភាពសមិទ្ធកម្ម”, ក្រសួងសេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ បាន និងកំពុងរៀបចំច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មី,​ កែសម្រួលអនុក្រឹ​ត្យ​លេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត-ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ  និងអនុក្រឹត្យ លេខ៨២​ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជា​ទូ​ទៅ នៃគណនេយ្យសាធារណៈ។ ទន្ទឹមនេះ  រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធ​ថវិកាឆ្នាំ២០១៨-២០២៥, យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣, យុទ្ធសាស្រ្តនៃការ កែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់​​ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការ វិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ ។  យុទ្ធសាស្រ្តនីមួយៗ មានផែនការសកម្មភាពលម្អិត ដើម្បីឱ្យការអនុវត្តប្រកប​ដោ​យ​ស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ជា​យន្តការសម្រាប់ការគាំទ្រ ការអនុវត្តកម្មវិធីកែទម្រ​ង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រ​កបដោយជោគជ័យ និងចីរភាព, ក.ស.ហ.វ. បានបណ្តុះបណ្តាលមន្រ្តីរាជការនៃ ក.ស.ហ​.វ. និងក្រសួង-ស្ថាប័នចំនួន ១ ០៥៩ រូប លើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកំពុ​ង​រៀបចំការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការក​សាងនិងអភិវឌ្ឍន៍សមត្ថភាព ក្នុងក្របខ័ណ្ឌ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា​រ​ណៈ ដំណាក់កាលទី៤។

ទី២- ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍លើរបាយការណ៍ វឌ្ឍនភាព ប្រចាំឆ្នាំ២០១​៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងផ្អែកលើ របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី​៣, ដៃគូអភិវឌ្ឍន៍ រួមគ្នាបានផ្តល់នូវមតិយោបល់ចំនួន ១៩ សម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតគូរពីការលើកកម្ពស់ភាព ធន់នៃសង្គម (social resilience) តាមរយៈវិធានការគោលនយោបាយគ្រប់គ្រង វិបត្តិសេដ្ឋកិច្ចនិងសង្គម។ ជារួម អង្គប្រជុំពិនិត្យឃើញថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈរបស់កម្ពុជា មានភាពរឹង​មាំ​ក្នុងការបង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ដែលអាចកើតចេញពីកត្តាខាងក្រៅ។ ជាក់ស្តែង, ចំ​ពោះ​​​​មុខការថមថយនៃកំណើន សេដ្ឋកិច្ចដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩​, ឯកឧត្តមអគ្គបណ្ឌិ​តសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការឆ្លើយតប ដោយបង្កើតនូវក្រុមការងារចំពោះកិច្ចចំនួន៤ ដើ​ម្បី​​​៖ ១. រៀបចំគោលនយោបាយថវិកា ហិរញ្ញវត្ថុ និងជំនួយសង្គម, ២. គ្រប់គ្រងការផ្គត់ផ្គង់ និងតម្លៃទំនិ​ញយុទ្ធសាស្រ្ត, ៣. រៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម និង ៤. រៀបចំកញ្ចប់វិធានការខាង​រូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ។​

ទន្ទឹមនឹងការរៀបចំយន្តការក្រុមការងារច្បាស់លាស់, ក្រោមការដឹកនាំប្រកបដោយគតិប​ណ្ឌិ​ត​របស់ សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន​  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រក​ម្ពុ​​ជា, រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការគោលនយោបាយចំ​នួ​ន ៤ ជុំ ដើម្បីអន្តរាគមន៍ ក្នុងការគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងរក្សាលំនឹងនៃសេដ្ឋកិច្ចនិ​ង​សង្គមរួមមាន៖ ១.​ ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឱ្យក្រុមហ៊ុនទាំង នោះ​អាចបន្តអាជីវកម្មបានក្នុងពេលដ៏លំបាកនេះ, ២. ជួយដល់កម្មករនិយោជិក ក្នុងករណីត្រូវបាត់​បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចអភិវឌ្ឍន៍ជំនាញ ព្រមទាំងផលិតភាពការងា​រ​របស់ខ្លួនសម្រាប់អនាគត, ៣.​ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស​ ជួយដល់សហគ្រា​ស​ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និង ៤. កម្មវិធីជំនួយសង្គម ដើម្បីជួយស​ម្រា​លទុក្ខលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រា​ប់​ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ ប្រាក់ពលកម្ម (cash for work), ការបណ្តុះបណ្តា​លជំនាញរយៈពេលខ្លី ដើម្បីបង្កើន លទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងា​រក្នុងវិស័យថ្មី។

​សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២០នេះ, រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ​។ ការធ្វើវិចារណកម្មចំណាយ និងការ ពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងចំណាយបន្ទុកបុគ្គលិកឱ្យ បានម៉ឺងម៉ាត់បំផុត ដោយអនុវត្តន៍គោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ “រក្សាចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ ២០១៩” និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចំាបាច់ខ្លាំង, មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយក ទៅបំពេញមុខចំណាយចំាបាច់ថ្មីៗ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ សមា ជិកគណៈ​កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែ ទម្រ​ង់​កា​រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​បណ្តាក្រសួង-ស្ថាប័នឱ្យបន្តពង្រឹងការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងបានស្វាគមន៍ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតំណាងដៃគូអភិវឌ្ឍន៍ ដែលជានិច្ចកាលផ្តល់នូវកិ​ច្ចសហប្រតិបត្តិការល្អ រួមទាំង ផ្តល់ជាជំនួយបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន និងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញមុខងារ របស់ខ្លួនជាសេនាធិការ ជូន គ.ហ.ស. ទាំងការងារដឹកនាំ, សម្របសម្រួល, គាំទ្រ និងត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍន ភាពកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងប្រចាំត្រីមាស និងប្រចាំឆ្នាំ ប្រកប​ដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងទាំងទិដ្ឋភាពការងារកែទម្រង់ និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈទាំងមូល។

ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងបង្កការ​ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីជំងឺកូវីដ-១៩ និង ជូនពរគ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ គង់ សិរីរ័ត្ន