មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវបន្តការប្រុងប្រយ័ត្ន ផ្សព្វផ្សាយពីវិធានការទប់ស្កាត់ពីការចម្លង ជំងឺកូវីដ១៩ ជាពិសេសករណីនាំចូលពី ប្រទេសជិតខាង

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០

លោក ជំទាវ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរខេត្ត បន្ទាយមានជ័យត្រូវបន្តការប្រុងប្រយ័ត្នថែមទៀតផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ពីការចម្លង ជំងឺកូវីដ១៩ ជាពិសេសករណីនាំចូលពីប្រទេសជិតខាង ក្នុងនោះទប់ស្កាត់ការលួចឆ្លងដែន របស់បងប្អូនពលករដើម្បីទៅរកការងារនៅប្រទេសថៃ ដែលវាជាហានិភ័យខ្ពស់ពីការឆ្លង ជំងឺដ៏កាចសាហាវនេះ

ការថ្លែងបែបនេះក្នុងឱកាសលោកជំទាវ វណ្ណឌីន បានចុះមកឈ្វេងយល់ជុំវិញការ អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំនោះលោកជំទាវ វណ្ណឌីន បានថ្លែងនូវការកោតសរសើរអាជ្ញាធរ ខេត្តបន្ទាយមានជ័យក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងការអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាលកន្លងមកដែលបានដាក់ចេញវិធានការនានា និងមានកិច្ច សហការយ៉ាងល្អប្រសើរជាមួយភាគីថៃ ក្នុងការទទួលបងប្អូនពលករខ្មែរដែលភាគីថៃ បានបញ្ជូនមកវិញតាមច្រកព្រំដែន ដែលមានការរៀបចំទីតាំងបានយ៉ាងល្អ និងមានប្រសិទ្ធភាពនោះ។

លោកជំទាវបានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលជាក្តីព្រួយបារម្ភមួយ ដែលទាមទារឱ្យអាជ្ញាធរត្រូវបង្កើនការទប់ស្កាត់ឱ្យបានខ្ពស់។ ចំពោះការធ្វើដំណើរចេញចូលទៅប្រទេសថៃព្រោះខេត្តបន្ទាយមានជ័យមានច្រករបៀងច្រើនពិបាកក្នុងការទប់ស្កាត់ ជាពិសេសបងប្អូនពលករ លួចឆ្លងដែនទៅទឹកដីថៃ ដែលមកទល់ពេលនេះមានពលករមកពីថៃជិត៧ម៉ឺននាក់ដែលបានឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ពីក្រុមការងារមុនពេលចេញដំណើរត្រឡប់ទៅមណ្ឌលចត្តាឡីស័ក ឬស្រុកកំណើតរបស់ខ្លួនវិញ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានថ្លែង ថា កន្លងមកអាជ្ញាធរខេត្ត

រួមនឹងអ្នកពាក់ព័ន្ធបានយកចិត្តទុកដាក់ចេញនូវវិធានការផ្សេងៗក្នុងការទប់ស្កាត់ការរីករាលដាលពីការចម្លងកូវីដ១៩ហើយពលរដ្ឋមានការយល់ដឹងនិងអនុវត្តបានយ៉ាងល្អប្រសើរជាមួយនឹងការដាក់នូវ វិធានការរបស់អាជ្ញាធរ។

ឯកឧត្តមអ៊ុំ រាត្រី បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តនឹងខិតខំអំពាវនាវការកៀគរ ជួយគាំទ្រប្រតិបត្តិការរបស់ក្រុមការងារសុខាភិបាល កងកម្លាំងដែលឈរជើងតាមគោល ដៅនានាពិសេសតាមបន្ទាត់ព្រំដែននឹងបានជំរុញដល់បងប្អូនពលរដ្ឋក្នុងខេត្តត្រូវបន្តអនុវត្តន៍ នូវវិធានការដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍វិធានការអនាម័យលាងសម្អាតដៃជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែល ជា ពិសេសត្រូវពាក់ម៉ាស់ការពារពេលចេញធ្វើដំណើរតាមទីសាធារណៈផ្សេងៗ ត្រូវរក្សាគម្លាត សុវត្ថិភាពដើម្បីបង្ការការចម្លងជំងឺកូវីដ១៩នេះ៕

ដោយ ឈុនសារ៉ាត