អាស្ប៉ាយជាកម្មវិធីថ្នាក់ជាតិមួយ ដែលកំពុងតែចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា (វគ្គ១)

AKP ភ្នំពេញ ថ្ងៃទី0៨ ខែកក្កដា ឆ្នាំ២០២០–

«កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ»​ ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលកសិករភាគច្រើនស្គាល់ និងនាំគ្នាហៅតាមអក្សរកាត់ជាភាសាអង់គ្លេសថា អាស្ប៉ាយ (ASPIRE) កំពុងតែធ្វើសកម្មភាពយ៉ាងផុលផុសទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ហើយដើម្បីឱ្យយល់ច្បាស់ថា តើកម្មវិធីថ្នាក់ជាតិមួយនេះដំណើរការយ៉ាងម៉េច ហើយជួយកសិករយ៉ាងណា និងធ្វើឱ្យកសិកម្មកម្ពុជាទៅជាយ៉ាងណា ក្រុមការងារនៃអគ្គនាយករដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានសុំការអនុញ្ញាតពីឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ ដែលជានាយកនៃកម្មវិធីនេះផ្ទាល់ ​ធ្វើ​បទសម្ភាសន៍រយៈពេល៣០នាទី កាលពីចុងសប្តាហ៍កន្លងទៅនេះ។​

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ៖​ រហូតមកដល់ពេលបច្ចុប្បន្ននេះ “អាស្ប៉ាយ”  បានដើរតួនាទីជាច្រើនទាក់​ទងនឹងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា តែមិត្តអ្នកអានខ្លះមិនទាន់ជ្រាបថា “អាស្ប៉ាយ” ជាអ្វី។ ដូច្នេះសូមអនុញ្ញាត ឯកឧត្តម ជួយពន្យល់ តើ “អាស្ប៉ាយ” មានអត្ថន័យយ៉ាងម៉េច ហើយបានដើរតួនាទីយ៉ាងណា ក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា?

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ៖ បាទ! មុនដំបូងបំផុតខ្ញុំសូមអរគុណ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលបានមកសម្ភាសរូបខ្ញុំក្នុងឋានៈជានាយកកម្មវិធី ។ ខ្ញុំក៏សូមធ្លៀតយកឱកាសនេះ ចែករំលែកថា កម្មវិធី “អាស្ប៉ាយ” គឺជាអក្សរកាត់របស់ភាសាអង់គ្លេស ដែលភាសាខ្មែរពេញមានន័យថា «កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»​ ហើយការចងក្រងកម្មវិធីនេះឡើង គឺព្យាយាមធ្វើឱ្យមានអក្សរកាត់ នៃពាក្យថា “អាស្ប៉ាយ” ។ ពាក្យនេះបើយើងបកពីភាសាអង់គ្លេស មានន័យថា សេចក្តីរំពឹងឬបំណងប្រាថ្នាចង់បានធំធេងឬក៏ខ្លាំង។ នៅក្នុងន័យនេះធ្វើឱ្យកម្មវិធី “អាស្ប៉ាយ” មានទស្សនទាន វិធីសាស្ត្រ និងសកម្មភាពថ្មីៗច្រើន ដែលមានភាពស្មុគស្មាញ សម្រាប់យើងអនុវត្ត។ ខ្ញុំសូមបញ្ជាក់ថា កម្មវិធីនេះ ជារបស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានបង្កើតឡើងដើម្បីរៀបចំ និងកែលម្អគោលនយោបាយ និងយុទ្ធសាស្រ្តមួយចំនួន ទន្ទឹមគ្នានឹងការបង្កើនសមត្ថភាពរបស់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព។ ទី២ គឺយើងសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលផ្សេងៗឱ្យរួមចំណែកជាមួយយើង ដើម្បីផ្ទេរបច្ចេកទេស បច្ចេកវិទ្យាកសិកម្ម​​ ជូនទៅដល់កសិករ ។

ខ្ញុំសូមជម្រាបថា “អាស្ប៉ាយ” ជារបស់រាជរដ្ឋាភិបាល ហើយមានអាណាព្យាបាលផ្ទាល់មួយចំនួន ទី១គឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ដែលជាតំណាងរបស់រាជរដ្ឋាភិបាល ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាស្ថាប័នអនុវត្ត ហើយអាណាព្យាបាលមួយដ៏សំខាន់ទៀតនោះ គឺ មូលនិធិអភិវឌ្ឍ​វិស័យកសិកម្មអន្តរជាតិ ដែលភាសាអង់គ្លេសហៅថា IFAD ដែលជាអ្នកគាំទ្រថវិកាយ៉ាងច្រើន។ កម្មវិធី “អាស្ប៉ាយ” ជាមូលដ្ឋានគ្រឹះនៃការកែលម្អសេវាកម្មកសិកម្ម និងវិស័យកសិកម្ម។ កម្មវិធី “អាស្ប៉ាយ” មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បង្កើនសមត្ថភាពកសិករ ឱ្យមានភាពកាន់តែធន់ទ្រាំជាមួយនឹងការប្រែប្រួលអាកាសធាតុ ហើយគោលបំណងជាក់លាក់របស់ “អាស្ប៉ាយ” គឺរៀបចំឱ្យមានគំរូសេវាកម្មកសិកម្មដ៏មានប្រសិទ្ធភាពក្នុងការគាំទ្រកសិករ ជាពិសេសកសិករ ដែលមានទំហំផលិកម្មតូច សំដៅធ្វើឱ្យគាត់ផលិតបានកាន់តែច្រើន ហើយកសិផលដែលគាត់ផលិតបាន មានគុណភាពស្របតាមតម្រូវការទីផ្សារ ។

ខ្ញុំសូមបញ្ជាក់ជូនដែរថា “អាស្ប៉ាយ” មានរយៈពេល ៧ឆ្នាំ គឺអនុវត្តចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២២ ហើយមូលនិធិគឺបានមកពីថវិកាជាតិ  ម្ចាស់ជំនួយផ្សេងៗដូចជា IFAD និង ប្រាក់កម្ចីជាដើម ។​ ខ្ញុំចង់បញ្ជាក់ថា “អាស្ប៉ាយ” មុនដំបូងបំផុតគឺនៅក្នុងឆ្នាំ២០១៥ រហូតដល់២០១៧ គឺយើងអនុវត្តនៅក្នុងខេត្តគោលដៅតែ៦ទេ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ប៉ុន្តែដោយមើលឃើញថា ការអនុវត្តមានដំណើរការល្អ សម្រេចបានជោគជ័យធំៗ អាណាព្យាបាលរបស់ ”អាស្ប៉ាយ” ជាពិសេស IFAD ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងកសិកម្ម បានសម្រេចពង្រីកខេត្តគោលដៅ ទូទាំងប្រទេស មានន័យថា រហូតមកដល់ពេលនេះ គឺ”អាស្ប៉ាយ” កំពុងគ្របដណ្តប់ ២៤ខេត្ត គឺលើកលែងតែរាជធានីភ្នំពេញ ។ “អាស្ប៉ាយ” មានផ្នែកសំខាន់ៗឬក៏សមាសភាគ បួនសំខាន់ ទី១ ធ្វើ និងកែលម្អគោលនយោបាយឬក៏យុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលទទួលបន្ទុកគ្រប់គ្រងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងនាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម។ សមាសភាគទី២ គឺការអភិវឌ្ឍសមាសភាគផ្សព្វផ្សាយ ដែលទទួលបន្ទុកអនុវត្តដោយអង្គភាពថ្នាក់កណ្តាល នៃក្រសួងកសិកម្ម ​ព្រមទាំងសកលវិទ្យាល័យរបស់ខ្លួន ហើយសមាសភាគទី៣ គឺការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ ដែលកិច្ចការនេះទទួលការអនុវត្តដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការិយាល័យកសិកម្ម សុ្រក ព្រមទាំង ឃុំគោលដៅ ដោយសហការជាមួយនឹង​ដៃគូឬក៏វិស័យឯកជន ព្រមទាំងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ ។

សមាសភាគទី៤ គឺទទួលបន្ទុកអនុវត្តដោយ គណៈកម្មាធិការជាតិអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺទទួលបន្ទុកស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព សំដៅធ្វើឱ្យផលិតកម្មកសិកម្មរបស់កសិករយើង មានភាពធន់ទ្រាំជាមួយនឹងអាកាសធាតុ ។ លក្ខណៈពិសេសមួយទៀតរបស់ “អាស្ប៉ាយ” គឺ​មិនមានលក្ខណៈបញ្ជា ឬក៏ប្រាប់ពីថ្នាក់កណ្តាលទៅ ថាត្រូវតែធ្វើសកម្មភាពនេះ សកម្មភាពនោះទេ គឺយើងប្រគល់ការទទួលខុសត្រូវនេះ ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅពេលដែលគាត់ពិនិត្យឃើញថា មានបញ្ហាអាទិភាពផ្សេងៗជាច្រើន គាត់លើកជាសំណើមកដើម្បីសុំដោះស្រាយ ហើយនៅទីនេះលេខាធិការដ្ឋានគាំទ្រគ្រាន់តែពិនិត្យមើល តើការពន្យល់របស់គាត់មានលក្ខណៈសមហេតុផល ហើយគាត់លើកស្នើថវិកាសុំអនុវត្តនេះក៏សមរម្យ យើងសម្រេចជូនទៅតាមនេះ ។ ចំណុចមួយទៀតគឺ ” អាស្ប៉ាយ” មានវិធីសាស្ត្រ ផ្សព្វផ្សាយ០៥ ដែលខ្ញុំអាចនិយាយបានសាមញ្ញ ថាគឺយើងសហការជាមួយនឹងអ្នកដែលប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយ ។

ខ្ញុំក៏សូមជម្រាបជូនសាធារណជនដែរថា ក្រៅពីស្រូវអង្ករ កសិកម្មយើងគ្របដណ្តប់ទាំងដំណាំ គ្របដណ្តប់ទាំងសត្វ មានជ្រូក មានមាន់ទា ពពែគោ អីជាហូរហែរ យើងក៏ធ្វើការងារពាក់ព័ន្ធនឹងផ្នែកវារីវប្បកម្ម ផ្នែកត្រី អណ្តើក កង្កែបផ្សេងៗ ដូច្នេះ អ្នកជំនាញនៅតាមមន្ទីរកសិកម្ម របស់យើងអាចចេះ តែមិនទាន់មានភាពប្រសប់ក្នុងសេចក្តីនេះ “អាស្ប៉ាយ” បើកលទ្ធភាពឱ្យមន្ទីរកសិកម្មខេត្ត សហការជាមួយអ្នកដែលមានជំនាញ ឱ្យគេសហការធ្វើការងារនេះ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ៖ ជាទូទៅតាមរយៈកម្មវិធី”អាស្ប៉ាយ”នេះតើ កសិករគាត់អាចទទួលបានផលប្រយោជន៍យ៉ាងដូចម្តេចដែរ?

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ៖ ផលប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបាន មានច្រើនទី១គឺ “អាស្ប៉ាយ”តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលសហការជាមួយនឹងដៃគូដែលពូកែ ពីវិស័យឯកជន ដែលប៉ិនប្រសប់នោះ គឺយើងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថ្មី បណ្តុះបណ្តាលអនុវត្ត បង្ហាញពីបច្ចេកវិទ្យាថ្មី ជូនទៅគាត់។ ទី២ គឺយើងផ្តល់សម្ភារចាំបាច់មួយចំនួន ដែលគាត់មានការខ្វះខាត អាចធ្វើបាន។ ខ្ញុំសូមបញ្ជាក់ថា “អាស្ប៉ាយ” ផ្តោតជាពិសេសទៅលើការសហការជាមួយកសិករក្រីក្រ ឬក៏កសិករដែលមានផលិតកម្មតូច ដូច្នេះយើងគាំទ្រទី១ បច្ចេកទេស ទី២យើងផ្តល់សម្ភារជូនគាត់ ហើយសម្ភារទាំងអស់នោះអាចមានពូជដំណាំ កូនសត្វ ទ្រង់មាន់ ទូភ្ញាស់សត្វ វ៉ាក់សាំង ប្រព័ន្ធស្រោចស្រពជាដំណក់ទឹក ដើម្បីឱ្យឈ្នះជាមួយអាកាសធាតុផង ដើម្បីឱ្យប្រើប្រាស់ទឹកតិចផង មានសហគមន៍ខ្លះយើងផ្តល់ដល់ជាម៉ាស៊ីនកិនស្រូវ ខ្នាតតូច គោយន្តវាយច្របល់ដី ដើម្បីឱ្យគាត់ធ្វើការងារទាំងអស់នោះបាន នោះជាផលប្រយោជន៍ផ្ទាល់ដែលប្រជាពលរដ្ឋទទួលបាន ប៉ុន្តែនិតិវិធី គោលការណ៍របស់ ”អាស្ប៉ាយ” គឺចងក្រងកសិករទាំងអស់នោះជាបណ្តុំ ដើម្បីឱ្យគាត់ធ្វើការរួមគ្នា ដើម្បីមានភាពងាយស្រួល ដល់វិស័យឯកជនដែលគេត្រូវការ កន្លែងប្រមូលផ្តុំ គេអាចប្រមូលទិញទៅបានងាយស្រួល ហើយយើងក៏ងាយស្រួលក្នុងការផ្តល់បច្ចេកទេស យើងក៏ងាយស្រួលភ្ជាប់ទំនាក់ទំនងរវាងក្រុមអ្នកផលិត ក្រុមកសិករ ជាមួយនឹងវិស័យឯកជន ឬក៏ទីផ្សារ និងងាយស្រួលធ្វើការ។

ក្រៅពីរឿងបណ្តុំ នេះខ្ញុំសូមបញ្ជាក់ថា បណ្តុំអាជីវកម្ម ដែល ”អាស្ប៉ាយ”បានបង្កើតរហូតមកដល់ពេលនេះ មានជាង១.៤០០ បណ្តុំហើយ នៅទាំង២៤ខេត្ត ហើយនៅក្នុងនោះមានសមាជិក ៣៧.០០០ នាក់ជាង រីឯស្រ្តីមានប្រមាណជាពាក់កណ្តាល ហើយបណ្តុំសំខាន់ៗដែលយើងផ្តោតនោះ មានស្រូវ បន្លែ មាន់ ហើយមានផ្សេងទៀតដែលខ្ញុំរៀបរាប់ពីខាងដើម រហូតដល់ទំពាំងផ្អែម ឃ្មុំ ស្វាយចន្ទី ដំឡូងមី ដំឡូងជ្វា ក្រូចពោធិ៍សាត់ មៀនខ្មែរ មៀនប៉ៃលិន ស្វាយ ផ្សិត ក្រូចវល្លិ៍ (Passion Fruit) ម្នាស់ ម្រេច ក្រូចថ្លុង ស្ករត្នោត បើនិយាយពីរឿង វារីវប្បកម្មវិញ ផ្តោតរហូតដល់ អន្ទង់ ត្រី កង្កែប ឬក៏ ពពែ ជ្រូក យើងធ្វើការងារច្រើន ទាក់ទិននឹងរឿងបង្កើតបណ្តុំនេះ មានន័យថាយើងសម្របសម្រួលជួយកសិករ ចងក្រងជាបណ្តុំហើយយើងគាំទ្របច្ចេកទេសគាត់៕

ដោយ ហេង បញ្ញា