ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ឆ្នាំ២០២០

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០–

នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី១៣ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោក ស្រីជាអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ដើម្បីពិនិត្យសកម្មភាពរបស់ក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀបវារៈចំនួន ៨ លើកយកមកពិនិត្យ និងពិភាក្សា រួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ។ ២-ពិនិត្យកូរ៉ុម។ ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត។ ៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០) ។ ៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្តព្រះ សីហនុ។ ៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។ -គណៈកម្មាធិការពិ គ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ។ -គណៈកម្មាធិការលទ្ធកម្ម -គណៈ កម្មាធិការសម្របសម្រួលបច្ចេក ទេសខេត្ត ។ -គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ។ -គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ។ -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ ។ ៨-បញ្ហាផ្សេងៗ។

ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីតាមមន្ទីរ អង្គភាព ក្រុង ស្រុក បំពេញតួនាទី ភារកិច្ចបានល្អ ថ្វីត្បិតតែខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍ ជួបបញ្ហានូវបញ្ហាប្រឈមមួយចំនួនដូចជា សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ក៏ប៉ុន្តែសង្ឃឹមថា នៅពេលខាងមុខនឹងល្អប្រសើរជាក់ជាមិនខាន ។ ទន្ទឹមនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានក្រើនរម្លឹកដល់មន្ត្រីទាំងអស់ មិនត្រូវធ្វេសប្រហែសនឹងជំងឺ Covid-១៩នោះទេ ព្រោះវាកំពុងតែរាតត្បាតនៅទូទាំងពិភពលោក ត្រូវយកចិត្តទុកដាក់បន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ រលកទី២នៃជំងឺ Covid-១៩ នៅក្នុងប្រទេសកម្ពុជាយើង ៕ ដោយ៖ងូ សុមុនី