អង្គការ WCS សង្គ្រោះអណ្ដើកហ្លួង ដែលជិតផុតពូជលើលោក ពីការជាប់សន្ទូចអ្នកនេសាទ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០–

នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានបញ្ជូនអណ្ដើកហ្លួងជំទង់មួយក្បាលជាប្រភេទជិតផុតពូជបំផុតនៅលើសកលលោក ទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដើម្បីពិនិត្យ ព្យាបាល និងតាមដានសុខភាព បន្ទាប់ពីវាត្រូវជាប់សន្ទូចអ្នកនេសាទ​។

អណ្ដើកនេះបានជាប់ផ្លែសន្ទូចដែលគេដាក់បង្កៃត្រីននេល និង ត្រូវបានប្រជានេសាទប្រទះឃើញកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមដងព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នៅព្រឹកបន្ទាប់ប្រជានេសាទនោះបានយកអណ្ដើកមកប្រគល់ជូនក្រុមការងារនៃអង្គការ WCS នៅស្រុកស្រែអំបិល។ បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់មើលលេខសម្គាល់អត្តសញ្ញាណនៅលើបន្ទះឈីប (micro-chip) ដែលបានបង្កប់នៅក្នុងជើងខាងស្ដាំរបស់វាមក ក្រុមការងារបានបញ្ជាក់ថា អណ្ដើកនេះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីខែមេសា ឆ្នាំ២០១៩ ហើយផ្អែកលើការតាមដានកន្លងមក ក្រុមការងារមិនដែលបានជួបប្រទះអណ្ដើកនេះទេរហូតដល់ការចាប់បាននាពេលនេះ។

ដោយសារអណ្ដើកនេះមានរបួសមាត់បន្តិចក្រោយពីដោះផ្លែសន្ទូចចេញ ក្រុមការងារបានរក្សាអណ្ដើកនេះទុកក្នុងមជ្ឈមណ្ឌលពីរបីថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាពមុននឹងលែងវាចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ ក្រុមការងារទាំងអស់​សូមថ្លែងអំណរគុណដល់ប្រជានេសាទដែលបានចូលរួមសហការ និងបានប្រគល់អណ្ដើកហ្លួងនេះជូនវិញដោយផ្ទាល់ ក្នុងស្មារតីចូលរួមការងារអភរិក្សសត្វដ៏កម្រនេះ។​

អង្គការ WCS និងដៃគូ​ជា​ច្រើនកំពុងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចាប់ និងការជួញដូរខុសច្បាប់នូវប្រភេទ​អណ្តើកជិតផុតពូជនានាក្រោមគម្រោង «ដៃគូប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃ គាំទ្រដោយ​សហភាពអឺរ៉ុប»៕ ដោយ៖ណយ នឿន (ប្រភពៈ WCS)