មន្ត្រីជាន់ខ្ពស់​ខេត្តស្វាយរៀង បានបង្ហាញ​ពី​សមិទ្ធផល​ដែល​ខេត្ត​សម្រេចបាន​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​របស់​ខេត្ត​

AKP ភ្នំពេញ ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០
​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង បានបង្ហាញ​អំពី​វឌ្ឍនភាព និង​ការរីកចម្រើន​របស់ខ្លួន​តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រោម​ប្រធានបទ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តស្វាយរៀង​» នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក រស់ ផា​រិ​ទ្ធ បានលើកឡើង​អំពី​វិស័យ​មួយចំនួន​ដែល​ខេត្ត​បានសម្រេច​បាន និង​កំពុង​ធ្វើ​បន្តទៀត​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​របស់​ខេត្ត ក៏ដូចជា​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​ទាំងមូល​។ ជាក់ស្តែង​គិត​មកដល់ពេលនេះ នៅ​ទូទាំង​ខេត្ត​មាន​អគារសិក្សា​៩៦៣​ខ្នង ស្មើនឹង​៤,១២៤​បន្ទប់ មាន​សាលារៀន​គ្រប់​កម្រិតសិក្សា រួមមាន សា​លាម​តេ្ត​យ្យរ​ដ្ឋ ៣៤២​សាលា ក្នុងនោះ​សាលា​ម​តេ្ត​យ្យ ដាច់ដោយឡែក​មាន​ចំនួន​០៦​សាលា ម​តេ្ត​យ្យ​សហគមន៍​១៧២​កន្លែង សាលាបឋមសិក្សា​២៦២​សាលា អនុវិទ្យាល័យ​៥៤​សាលា វិទ្យាល័យ​២០​សាលា សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​០១​កន្លែង និង​មាន​សាកលវិទ្យាល័យ ០១​កន្លែង​។ ដោយឡែក​វិស័យ​កសិកម្ម​វិញ លោក​អភិបាលរង​ខេត្ដ​បាន​បញ្ជាក់ដែរថា នៅ​ទូទាំង​ខេត្ត មាន​ផ្ទៃដី​ផលិតកម្ម​កសិកម្ម សរុប ២១៣,៤០០​ហិកតា ក្នុងនោះ​ផ្ទៃដី​ផលិតកម្ម​ដំណាំ​ស្រូវ​១៨៨,០០០​ហិកតា (​ស្រូវវស្សា ១៦៧,៥០០​ហិកតា និង​ស្រូវប្រាំង ២០,៥០០​ហិកតា​) ដំណាំ​គ្រប់​ប្រភេទ ២៣,១០០​ហិកតា និង​ផ្ទៃដី​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​មាន​ចំនួន ២,៣០០​ហិកតា ផ្ទៃដី​ដំណាំ​អំពៅស្ករ ៦,៤០០​ហិកតា ដំឡូង​មី ៤,៩០០​ហិកតា​។​

​ចំពោះ​ការងារ​ធនធានទឹក និង​ប្រព័ន្ធធារាសាស្ត្រ​ខេត្តស្វាយរៀង មាន​ប្រភពទឹក​សំខាន់ៗ ដែលជា​សក្តានុពល​បម្រើ​ឱ្យ​ការប្រើប្រាស់ និង​ស្រោចស្រព មាន​ចំនួន​៣​កន្លែង គឺ ទន្លេ​កំពង់ត្រាច ស្ថិតនៅ​ស្រុក​រមាសហែក ទន្លេ​វ៉ៃ​គោ ស្ថិតនៅ​ក្រុង​ស្វាយរៀង និង​ព្រែក​កម្ពុជា​-​វៀតណាម ក្រៅពីនេះ​ក៏​នៅមាន​ព្រែក អូរ មួយចំនួនទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក រស់ ផា​រិ​ទ្ធ​។ លោក​អភិបាលរង​ខេត្ដ​បាន​បន្ដទៀតថា នៅ​ទូទាំង​ខេត្ត​មាន​មន្ទីរពេទ្យបង្អែក​ខេត្ត ០១​កន្លែង មន្ទីរពេទ្យបង្អែក​ក្រុង ស្រុក​ចំនួន ០៥​កន្លែង រួមមាន មន្ទីរពេទ្យបង្អែក​ជី​ភូ មន្ទីរពេទ្យបង្អែក​ស្វាយទាប មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ មន្ទីរពេទ្យបង្អែករ​មា​ស​ហែក មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល និង​មាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ (OD) ៤​កន្លែង មាន​មណ្ឌល​សុខភាព ៤៤​កន្លែង និង​ប៉ុស្ដិ៍​សុខភាព​២​កន្លែង​។​

​លោក​បាន​បន្ថែមថា នៅ​ទូទាំង​ខេត្តស្វាយរៀង មាន​ផ្លូវថ្នល់​សរុប​ចំនួន ៥០​ខ្សែ ប្រវែង​សរុប ៧៧១​គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​អ៊ុត​កៅស៊ូ AC ឬ​DBST ប្រវែង​៣០៣ គីឡូម៉ែត្រ ផ្លូវ​ម៉ា​កា​ដាម​ប្រវែង ៣,៥០០​ម៉ែត្រ ផ្លូវ​បេតុង​ប្រវែង ៥,១៥០​ម៉ែត្រ និង​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ៤៦០​គីឡូម៉ែត្រ​។ ផ្លូវជាតិ មាន​ចំនួន ០៣​ខ្សែ គឺ​ផ្លូវជាតិ​លេខ​១ ក្រាល​កៅស៊ូ​ប្រភេទ DBST និង​AC ប្រវែង ៦៥​គីឡូម៉ែត្រ ផ្លូវជាតិ​លេខ​១៣ និង​លេខ​១៨ ក្រាល​កៅស៊ូ​ប្រភេទ DBST មាន​ប្រវែង​៨៤​គីឡូម៉ែត្រ​។ ផ្លូវ​ខេត្ត មាន​ចំនួន​៤៧​ខ្សែ ប្រវែង​សរុប​៦២២ គីឡូម៉ែត្រ ក្នុងនោះ​រួមមាន ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង​១៥៤​គីឡូម៉ែត្រ ផ្លូវ​ម៉ា​កា​ដាម​ប្រវែង ៣,៥០០​ម៉ែត្រ ផ្លូវ​បេតុង​មាន​ប្រវែង ៥,១៥០​ម៉ែត្រ និង​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ៤៦០​គីឡូម៉ែត្រ ស្ពាន​មាន​ចំនួន​៤១​កន្លែង មាន​ប្រវែង​សរុប​១,៣០៨​ម៉ែត្រ​៕​ដោយ ចាន់ សុធី​វង្ស​