រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ អ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែ​លេស និងធ្វើការ​ដោយមិនច្បាស់លាស់ ហាក់បីដូចជាចង់ឱ្យប្រជាជនស្លាប់បន្ដទៀត

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា  ចំពោះអ្នករិះគន់បញ្ហា​រឹត​បន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែជាការបង្កើតលេសនិយាយផ្តេសផ្តាស និងធ្វើការដោយ​មិនច្បាស់លាស់ ហើយហាក់បីដូចជា ចង់ឱ្យប្រជាជនស្លាប់បន្ដទៀត។ ការថ្លែងរបស់​សម្តេច​ក្រឡាហោម ស ខេង បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

សម្តេចក្រឡាហោម  ស ខេង បានគូសបញ្ជាក់ថា ប្រជាជនយើងកំពុងរងផលប៉ះ​ពាល់​ជំងឺកូវីដ១៩ យើងដាក់បន្ទុកទៅលើប្រជាពលរដ្ឋទៀត តាមរយៈនៃការរឹតបន្ដឹងច្បាប់​ចរាចរណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹង​ដើម្បី យកលុយប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ  សម្តេចក្រឡាហោមចាត់ទុកថា  អ្នករិះគន់​ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មី គឺមិនឱ្យតម្លៃប្រជាពលរដ្ឋ ហើយត្រូវគិត​ពិចារណាឱ្យ​បាន​ត្រឹមត្រូវឡើងវិញ។ សម្តេចក្រឡាហោមបានបន្តថា  គោលបំណងនៃការរឹតបន្ដឹង ច្បាប់​ចរាចរណ៍ដែលបានកំពុងអនុវត្តន៍នេះគឺដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជា​ពល​រដ្ឋ​តែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ច​មិនផាកពិន័យឡើយ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលបន្ធូរបន្ថយ​ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងមានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន។ ដូច្នេះទើប​រាជរដ្ឋាភិបាលបានរឹតបន្ដឹងច្បាប់ចរាចរណ៍បែបនេះ ដើម្បីឱ្យបណ្ដាប្រទេសជាមិត្ត ធ្វើការ​កោតសសើរកម្ពុជាយើង៕

ដោយ ចាន់ សុធីវង្ស