កិច្ចប្រជុំប្រចាំឆមាសទី១ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែ​កក្កដា ឆ្នាំ២០២០

ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការដឹកនាំត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការ​ងារ​ដែលសម្រេចបានក្នុងឆមាសទី១ ក្នុងឆ្នាំ២០២០ កាលពីថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដោយមាន​ការ​ចូលរួម​ពីអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សមាជិក សមាជិកាលេខាធិការដ្ឋាន ប្រធាន និង​អនុប្រធានស្ថានីយជញ្ជីងទាំង២៨។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមាន​ប្រសាសន៍កោតសរសើរដល់ មន្រ្តីដែលបានខិតខំអនុវត្តន៍ការងារកន្លងមក និងជំរុញមន្រ្តីទាំងអស់ឱ្យខិតខំបន្តអនុវត្តន៍ ការ​ងារ​រឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋលេខាធិការបានណែនាំដល់មន្ត្រីតាមស្ថានីយ ឱ្យពង្រឹង ការអនុវត្តន៍ការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានលើកឡើងផងដែរអំពីទិសដៅការងារដែលត្រូវ អនុវត្តន៍ក្នុងឆមាស​បន្ទាប់ដូចជា ការបង្កើតទីតាំងស្ថានីយថ្មី ការរុះរើ និងការធ្វើឱ្យប្រសើរ ឡើងនៅតាមស្ថានីយមួយចំនួន។

តាមរបាយការណ៍នៃការអនុវត្តការងារក្នុងឆមាសទី០១ ឆ្នាំ២០២០ មានរថយន្ត ត្រួតពិនិត្យសរុបចំនួន ១ ០៩៤ ៣៩៧ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ២៨១ ២៤៤ គ្រឿង ស្មើនឹង២៥,៧០ភាគរយ រួមមាន រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥ភាគរយ ចំនួន ២៧៩ ៤៧៨គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី៥ភាគរយ ទៅ ១០ភាគរយ ចំនួន ២៧គ្រឿង រថយន្តផ្ទុកលើស​ទម្ងន់ពី ១០ភាគរយ ទៅ ២០ភាគរយ ចំនួន ១ ១៦៦គ្រឿង និង​រថយន្តផ្ទុកលើសទម្ងន់លើសពី ២០ភាគរយ ចំនួន៥៧៣គ្រឿង។

សូមបញ្ជាក់ថា នេះជាឆមាសដំបូងនៃការអនុវត្តការងាររបស់គណៈកម្មាធិការ ដឹកនាំត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើកំណែទម្រង់ សមាសភាព មន្ត្រីដោយផ្អែកតាមអនុក្រឹត្យលេខ ១៤១អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕

ដោយ ទេស ច័ន្ទសុធារី