រដ្ឋមន្ត្រីក្រសួងសាធារណការលើកឡើងថា នឹងចេញប័ណ្ណបើកបរអន្តរជាតិ និងប័ណ្ណបើកបរជូនដល់ជនពិការ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន​បាន​លើកឡើងថា នៅក្នុងខែកក្កដានេះ ឬខែក្រោយក្រសួងនឹងចេញប័ណ្ណបើកបរអន្តរជាតិ និង​ប័ណ្ណបើកបរជួនដល់ជនពិការ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដមទេស​រដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា “នៅខែកក្កដា  និងខែសីហានេះ យើងនឹងចេញ​ប័ណ្ណបើកបរអន្តរជាតិ ដោយសារនៅពេលយើងបើកឡាននៅក្រៅប្រទេសមិនបាន មាន​ប័ណ្ណបើកបរខ្មែរយើងបើកមិនបាន ដូច្នេះយើងជាសមាជិកអង្គការសហប្រជាជាតិដែរ យើងអាចចេញប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរហើយមកសុំដូរប័ណ្ណបើកបរបណ្តោះអាសន្ន”។ ឯកឧត្ដមបានបន្ដថា ប័ណ្ណបើកបរអន្តរជាតិ​នឹងមានទៅ​តាម​ប្រភេទនីមួយៗ ដូចជាប្រភេទ A  B  C ដោយមានការបោះត្រាតាម​ប្រភេទទៅតាម​ការ​ស្នើសុំ​របស់សាមីខ្លួន។ ឯកឧត្ដមបានលើកជាឧទាហរណ៍ថា បើគាត់បើកបរឡាន​ទេស​ចរណ៍ នឹងត្រូវបោះត្រារូបឡានទេសចរណ៍តែម្តង ​ហើយនៅខែក្រោយ អាចនឹងដំណើរ​ការ​បានចំពោះប័ណ្ណបើកបរនេះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ដទៀតថា ដោយសារអ្នកបើកបរមិនចេះអានអក្សរ ក្រសួង​ក៏បានបង្កើតកម្មវិធីសំណួរ ចម្លើយជាសំឡេងគឺនៅពេលចូលទៅប្រឡងទ្រឹស្តី​បេក្ខជនអាច​ស្តាប់​សំឡេង ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវបាន។ ទន្ទឹមនេះ ក្រសួង​ក៏បាន​រៀប​ចំការផ្តល់ប័ណ្ណបើកបរជូនទៅជនពិការគថ្លង់ផងដែរ។ ឯកឧត្ដមបានបញ្ជាក់​បន្ថែមថា “ដោយសារក្រុមហ៊ុន Grab ចង់ឱ្យបងប្អូនអ្នកពិការមាន ការងារធ្វើអាចបើកបរ​បាន​ទោះ​បីជា​គ ឬថ្លង់ ក៏យើងអាចចេញប័ណ្ណបើកជូនគាត់បានដែរ”។

ជាមួយគ្នានោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានបន្ថែមថា ដើម្បីផ្តល់ភាពងាយ​ស្រួល​ដល់ប្រជាពលរដ្ឋក្នុងការប្តូរប័ណ្ណបើកបរដែលបច្ចុប្បន្នមានទីតាំងនៅផ្សារទំនើបអីអននោះ ឥឡូវនេះភាគីខាងផ្សារទំនើបនូរ៉ូម៉លរបស់ក្រុមហ៊ុនជីបម៉ុង និងនូរ៉ូម៉លនៅខណ្ឌសែនសុខ​ស្នើឱ្យក្រសួងដាក់ទីតាំងប្តូរប័ណ្ណបើកបរនៅទីនោះដោយមិនយកថវិកា ហើយពេលនេះ​ខាង​ក្រសួងសាធារណការ និងភាគីផ្សារបាន កំពុងពិភាក្សាគ្នាផងដែរ។

ចំពោះករណីប្តូរប័ណ្ណកម្មសិទ្ធិ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួង កំពុងពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីតភ្ជាប់ប្រព័ន្ធរបស់ក្រសួង​ជាមួយ​ប្រព័ន្ធអគ្គនាយកដ្ឋានពន្ធដារជាមួយគ្នាដើម្បីផ្តល់ភាពងាយស្រួលផ្ដល់សេវាជូនប្រជាពល រដ្ឋ។ ឯកឧត្ដមបានលើកឡើងដែរថា សព្វថ្ងៃនេះដើម្បីផ្តល់ជូនការផ្ទេរ កម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តបានទៅក្រសួងសាធារណការ និងដឹកជញ្ជូនសិន  ហើយទៅខាង​អគ្គ​នាយក​ដ្ឋានពន្ធដារ ដើម្បីបង់ថវិកា  រួចហើយមកក្រសួងវិញដើម្បីប្តូរឈ្មោះ។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “ឥឡូវអត់ទេ គឺយើងភ្ជាប់ប្រព័ន្ធគឺបង់ថវិកា​តែមួយ​កន្លែង​ដោយភ្ជាប់ប្រព័ន្ធជាមួយគ្នា យើងដឹងព័ត៌មានដូចគ្នាតែម្តង។ ឥឡូវនេះយើងមិន​ទាន់​ដាក់ដំណើរការទេ គឺរង់ចាំប្រហែលជាដល់ខែតុលា ទើបដំណើរការបាន។ យើងនឹងសាក​ល្បងឱ្យ​បានច្រើនដង ដើម្បីឱ្យច្បាស់លាស់ថាការគិតលុយបានត្រឹមត្រូវ ឬការបង់តាមវីង ឬផ្សេងនៅកន្លែងតែមួយតែម្តង”៕

ដោយ ប៊ុនរិទ្ធ