សម្ដេចក្រឡាហោម ស ខេង ប្រកាសនៅតែរក្សាជំហរក្នុងការរឹតបន្ដឹងការអនុវត្តច្បាប់​ចរាចរណ៍​ដោយមិនអាចដកថយឡើយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានប្រកាសថា នឹងនៅតែរក្សាជំហររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយមិនអាចដកថយឡើយ ពី ព្រោះ​នេះ​ជាវិធីតែមួយគត់ដើម្បីកែប្រែឥរិយាបថដល់អ្នកបើកបរដែលមិនគោរពច្បាប់ដើម្បី ​ឈាន​ទៅកាត់​បន្ថយគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករងរបួស ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការ អនុវត្តច្បាប់ចរាចរណ៍នេះ នឹងមិនអាចដកថយឡើយ ពីព្រោះនេះជាវិធីតែមួយគត់​ដើម្បី​កែប្រែឥរិយាបថអ្នកបើកបរដែលមិនគោរពច្បាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ ដល់អ្នកស្លាប់ និងអ្នករងរបួស ស្របពេលក្នុងរយៈពេល២ខែចុងក្រោយ​នៃការរឹតបន្តឹងការ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានការប្រុង​ប្រយ័ត្ន​ក្នុងការធ្វើដំណើរ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បើទោះបីជាមិន​បាន១០០​ភាគរយក៏ដោយ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បញ្ហាជំងឺកូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩​នៅកម្ពុជា ចំនួន១៤១នាក់ ដោយមិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារជំងឺនេះ នៅ​ឡើយ។ ប៉ុន្ដែបើងាកមកមើលគ្រោះថ្នាក់ចរាចរណ៍វិញ មានអ្នកស្លាប់ ជារៀងរាល់ថ្ងៃ ដូច្នេះ អ្នករិះគន់ បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែជាលេស និងធ្វើការដោយមិនច្បាស់​លាស់ ហាក់បីដូចជា ចង់ឱ្យប្រជាជន ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បន្ដទៀត ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា គោលបំណង នៃការរឹតបន្ដឹងច្បាប់​ចរាចរណ៍សព្វថ្ងៃ គឺដើម្បីការពារទ្រព្យសម្បត្តិ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជា​ពល​រដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនមានការផាកពិន័យអ្វីនោះ​ឡើយ។ សម្ដេចក្រឡាហោមសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង​សមត្ថកិច្ច​អ្នកអនុវត្តន៍ច្បាប់ ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួម​គាំទ្រ ព្រមទាំងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់​បន្ថយអ្នកស្លាប់ និងអ្នករងបួសក្នុងការ រួមចំណែកធ្វើឱ្យសង្គមជាតិ​ឈានឆ្ពោះ​ទៅរក​ភាពស៊ីវិល័យ៕

ដោយ រិទ្ធី