មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖  វត្តអារាមមានតួនាទីសំខាន់ណាស់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា វត្តអារាមមាន តួនាទីសំខាន់ណាស់ មិនគ្រាន់តែជាកន្លែង ជាមជ្ឈ​មណ្ឌ​ល​នៃការអប់រំការផ្លាស់ប្តូរឥរិយាបថ មនុស្សគ្រប់រូបតាមឱវាទព្រះសម្មាសម្ពុទ្ធនោះទេ តែវត្តអារាមជាកន្លែងគំរូផ្តល់តម្លៃ លើកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះផងដែរ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោ​ល​ការណ៍ណែនាំស្តីពី វត្តអារាម មេត្រីបរិស្ថាន ក្រោមកិច្ចសហការរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វត្តអារាមដើរតួនាទីសំខាន់ក្នុងការ បណ្តុះស្មារតីទទួលខុសត្រូវនិងស្រឡាញ់បរិស្ថានក្នុងចំណោមព្រះសង្ឃ និងពុទ្ធបរិស័ទ ជាមជ្ឈ​មណ្ឌ​ល​នៃការអប់រំ ការផ្លាស់ប្តូរឥរិយាបថមនុស្សគ្រប់រូបតាមឱវាទព្រះសម្មាសម្ពុទ្ធ។

ជាមួយនេះ វត្ត គឺជាកន្លែងគំរូផ្តល់តម្លៃលើកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ​នោះហើយដែលហៅថា ”អារាមមេត្រីបរិស្ថាន” ដែល យើងត្រូវឈ្វេងយល់។ សង្ឃឹមថា តាមរយៈការអនុវត្តមេត្រីភាពបរិស្ថាននៅតាមវត្តអា​រាម នានា នោះប្រជាពលរដ្ឋនឹងកាន់តែយល់ដឹងយ៉ាងទូលំទូលាយពីគោលការណ៍នៃមេត្រីភា​ព​បរិស្ថាន ចូលរួមប្រែក្លាយពីចំណេះដឹងទៅជាការប្រតិបត្តិបរិស្ថាននៅក្នុងសង្គមកម្ពុជាយើង​។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដោយបានមើលឃើញពីសក្តានុពលដ៏ធំធេង និងដ៏រឹងមាំនៃតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ បានជាក្រសួងបរិស្ថានសហការជា មួយក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងគណៈសង្ឃទាំងពីរ គណៈ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាប្រមូលធាតុចូលលើមាតិកាខ្លឹមសារគោលការណ៍ណែនាំស្តីពី វត្តអារាមមេត្រី បរិស្ថាននៅកម្ពុជា ក៏ដូចជាពិនិត្យពិភាក្សាលើលក្ខណៈវិនិច្ឆ័យ សូចនាករដែលត្រូវអនុវត្តន៍ ពិសេសចងក្រងគោលការណ៍ណែនាំស្តីពី វត្តអារាមមេត្រីបរិស្ថាន ដើម្បីជាមគ្គុទ្ទេសក៍រួមមួយ សម្រាប់ការប្រតិបត្តិមេត្រីបរិស្ថាន៕

ដោយ ប៉ាល់ សុង