រដ្ឋមន្រ្ដីក្រសួងផែនការ៖ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ទីរផែនការរាជធានី ខេត្ត ត្រូវពិនិត្យ​តាម​ដាន និងដោះស្រាយការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ឱ្យបានម៉ត់ចត់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានណែនាំ​បន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ក្រុង ត្រូវពិនិត្យ តាមដាន និងដោះស្រាយការងារនេះឱ្យបានម៉ត់ចត់ ប្រុងប្រយ័ត្ន មិនត្រូវផ្តេកផ្តួល ជាពិសេសការឧបត្ថម្ភសម្រាប់តែប្រជាជនក្រីក្រ និងចុះជាប់នៅឯមូលដ្ឋានជាមួយអាជ្ញាធរ​ឃុំ សង្កាត់ ជានិច្ច ដើម្បីក្តាប់ឱ្យជាប់សភាពការណ៍។ នេះបើយោងតាមក្រសួងផែនការ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាម​ការ​ស្នើសុំក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដី​ការក្រសួងផែនការ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ថ្នាក់ដឹក​នាំ មន្រ្ដីជំនាញ ត្រូវចុះជួយពន្យល់ ណែនាំអាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយត្រូវបំបាត់ឱ្យ​អស់​បក្សពួក និងគ្រួសារនិយម ហើយក្រសួងផែនការកំពុងដំណើរការរៀបចំយន្តការ​ដើម្បី​ដោះស្រាយ និងផ្តល់តម្លាភាពដល់ប្រជាជនផងដែរ។ ឯកឧត្ដមបានថ្លែងនូវអំណរ​គុណ​ដល់​អភិបាលរាជធានី ខេត្ត ក្រុង និងមន្ទីរផែនការ មន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបាន​សហការ​យ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការ ខិតខំបំពេញការងារ និងជម្នះគ្រប់ឧបសគ្គរហូត​សម្រេច​បានជោគជ័យ ដែលទទួលបានទិន្នន័យគ្រួសារក្រីក្រ ជាពិសេស​​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់ ដែលមកទល់ថ្ងៃនេះ គ្រួសារទាំងជាង ៥៦០,០០០គ្រួសារ (ជុំទី១)ស្ទើរតែទទួល​បានថវិកាដំណាក់កាលទី១ ទាំង​អស់គ្នាហើយ។

យោងតាមក្រសួងផែនការបានឱ្យដឹងថា ការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បញ្ចប់ការផ្តល់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលជា​ការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទ និងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ (បណ្តោះអាសន្ន) មានគ្រួសារក្រីក្របានកើនចំនួន ២៤,៩១៥គ្រួសារ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា ទោះបីជាយើងបានព្យាយាមខិតខំសម្រេច​បាន​នូវភារកិច្ច​ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រជូនរាជរដ្ឋាភិបាល ប្រទេសជាតិ និង​ប្រជា​​ជន​កម្ពុជា យ៉ាងនេះក៏ដោយ ក៏យើងនៅតែមានជួបនូវបញ្ហាប្រឈមជាច្រើនដូចជា ការកំណត់ពេលផ្តល់ទិន្នន័យមានរយៈពេលខ្លីបំផុត និងទាមទារគុណភាពទិន្នន័យ ការ​ប្រើប្រាស់ tablets ជាការប្រើប្រាស់លើកដំបូង នៅមានភាពរអាក់រអួល ទាំងប្រព័ន្ធ និង មន្រ្តី។ ទន្ទឹមនេះ ដោយសារតែរដូវនេះ ជារដូវធ្លាក់ភ្លៀង បានប៉ះពាល់ដល់ដំណើរការ​ប្រព័ន្ធទាក់ទង ការបញ្ជូនទិន្នន័យ ការធ្វើដំណើរ ស្ថានភាពរបស់ខេត្តមិនដូចគ្នា ខ្លះឆ្ងាយ ផ្លូវពិបាក និង ខ្លះជាតំបន់កោះ និងជ្រលងភ្នំជាដើម។

តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើក​ឡើងថា រឿងដែលសំខាន់បំផុត និងប៉ះពាល់ដល់ការងារផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះ គឺ ប្រតិកម្មពីប្រជាជន ចំពោះអ្នកមានជីវភាពល្អប្រសើរនៅមានប័ណ្ណ និង ទទួលបានការ ឧបត្ថម្ភ។ ប័ណ្ណខ្លះ ផុតសុពលភាព (លើសពី៣ឆ្នាំ) មានអ្នកបំផុសឱ្យទៅទទួលការឧបត្ថម្ភ
ហើយគ្រួសារក្រីក្រពិតប្រាកដមិនទទួលបានប័ណ្ណ និងការឧបត្ថម្ភ។ ចំពោះ​គ្រួសារ​ខ្លះនៅ បន្តប្រើប័ណ្ណអាទិភាព Post ID របស់ក្រសួងសុខាភិបាលមកទាមទារ ហើយគ្រួសារ​ខ្លះ​ជា គ្រួសារចំណាកស្រុក ឬមិនមានសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ។ ដោយ​ឡែក ប័ណ្ណ រហែក ឬបាត់បាននាំគ្នាផ្ទុះការ​តវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេស​តាមបណ្តាញ​សង្គម ទោះបីមានការពន្យល់ ណែនាំ ជាពិសេសក្រសួងផែនការ​តាមបណ្តាញ​សង្គម សារព័ត៌​មាន វិទ្យុ ទូរទស្សន៍ និង ចុះដោះស្រាយដល់ទីតាំងផ្ទាល់ ក៏នៅមិនទាន់មានភាព​ជ្រះ ស្រឡះ និងនៅតែបន្ត។ ជាមួយនេះដែរ មានក្រុមការងារជាតិចុះតាមឃុំ សង្កាត់ ក៏នៅតែ ខិតខំជួយតាមដានការងារនេះផងដែរ។

សូមបញ្ជាក់ថា សម្រាប់ទិន្នន័យបឋមអំពីបញ្ហា ដែលខេត្តចំនួន១៣ បានផ្តល់មក និងបានដោះស្រាយរួចរាល់រួមមាន៖ ១.ប័ណ្ណអស់សុពលភាព មានចំនួន ១៨៥ ករណី។
២.អ្នកកាន់ប័ណ្ណដែលមានជីវភាពប្រសើរឡើង មានចំនួន ២,៣៤១ ករណី (នៅសល់តែ​២៣០​ករណីកំពុងកាន់ប័ណ្ណ)។ ៣.អ្នកក្រដែលមិនមានប័ណ្ណ មានចំនួន ៥៩៩ ករណី។
៤.ប័ណ្ណរហែក ឬបាត់ មានចំនួន២,៧៥៣ ករណី៕

ដោយ ឡុង ស៊ីវ៉ាន់