ឯកឧត្តម វ៉ា ថន នាំយកអំណោយកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០១គ្រួសារ នៅក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន ១០១គ្រួសារ នៅក្នុងក្រុងក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលបានផ្តល់ជូនដល់គ្រួសារ ងាយរងគ្រោះទាំង ១០១ គ្រួសារនាពេលនោះ គឺមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០ កំប៉ុង មី១កេស ឃីត១កញ្ចប់ ថវិកា២ម៉ឺនរៀល និងសម្ភារមួយចំនួនសម្រាប់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រចេះបានពន្យល់ដល់ ប្រជាពលរដ្ឋទាំងអស់ឱ្យចេះរៀបចំអនាម័យខ្លួនប្រាណ សម្អាតលំនៅឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវចូលរួម អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែរួមផ្សំផ្សេងៗនៅក្នុងភូមិស្ថាន ដើម្បីជួយ ដល់ជីវភាពប្រចាំថ្ងៃកាន់តែល្អប្រសើរថែមឡើង៕

ដោយ  ជួន សុជាតិ