ឯកឧត្តមបណ្ឌិត ណៅ ធួក សម្តែងការសោកស្តាយ ដែលប្រជាពលរដ្ឋនៅបន្តនេសាទ និងលក់ដូរប្រភេទត្រីកម្រ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស(CITES) កម្ពុជា (អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃ កំពុងរងគ្រោះថ្នាក់) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលប្រជានេសាទ ក៏ដូចជាអាជីវករលក់ដូរមួយចំនួន នៅតែបន្តនេសាទ និងលក់ត្រីប្រភេទកម្រជាច្រើនប្រភេទ ជាពិសេសគឺត្រីគល់រាំង ដែលជាប្រភេទត្រីកម្របំផុត ហើយដែលស្ទើរតែផុតពូជពីកម្ពុជាទៅហើយ ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ណៅ ធួក បានមានប្រសាសន៍គូសបញ្ជាក់ថា៖ “ខ្ញុំមានការសោកស្តាយមែនទែន នៅពេលដែលខ្ញុំទទួលបានព័ត៌មានថា នៅមានការនេសាទ និងលក់ដូរត្រីគល់រាំង ដែលជាប្រភេទត្រីកម្របំផុត និងជាប្រភេទត្រីតំណាងអត្តសញ្ញាណជាតិ នៅលើទីផ្សារ។ ខ្ញុំសូមជម្រាបជូនផងដែរថា ត្រីគល់រាំងនេះ មិនមែនត្រឹមចាប់ផ្តើមហាមឃាត់ការនេសាទ លក់ដូរ និងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ នោះទេ ចំពោះត្រីប្រភេទនេះ គឺត្រូវបានហាមឃាត់តាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ឯណោះ ប៉ុន្តែប្រជានេសាទ ក៏ដូចជាអាជីវករ មួយចំនួននៅបន្តចាប់ នេសាទ ឬក៏លក់ដូរខ្លះៗ ដើម្បីបម្រើផលប្រយោជន៍បុគ្គលខ្លួន ក្រុមគ្រួសារខ្លួន ដោយពុំគិតពីផលបុណ្យ និងបាប និងការចូលរួមអភិរក្សប្រភេទត្រីកម្រនេះទៅវិញ” ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា “មានប្រជានេសាទមួយចំនួនធំ គឺបានចូលរួមជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ជាពិសេសប្រជានេសាទនៅតំបន់បឹងទន្លេសាប ដែលបន្ទាប់ពីនេសាទបានត្រីគល់រាំងហើយ ភាគច្រើនគឺបានចូលរួមសហការដោយព្រលែងចូលទៅក្នុងទឹកវិញ ប៉ុន្តែក្នុងករណីដែលត្រីគល់រាំងស្លាប់ហើយ ពួកគាត់បានរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធដើម្បីយកត្រីនេះទៅទុកសម្រាប់ជាប្រយោជន៍ផ្សេងៗ ដូចជាការពិសោធន៍ជាដើម ដោយប្រជានេសាទទាំងនោះគិតថា ការដោះលែងត្រីប្រភេទធំៗទាំងនេះ នឹងបានផលបុណ្យត្រលប់សងមកវិញ ប៉ុន្តែក៏នៅតែមានជនឆ្លៀតឱកាសមួយចំនួនតូច ដែលលួចនេសាទត្រីប្រភេទកម្រនេះ ដោយប្រើមងក្រឡាធំ (១តឹក ឬ២តឹក) ដើម្បីសម្រាប់តែចាប់ត្រីប្រភេទធំៗ និងកម្រទាំងអស់នេះ” ។

ក្នុងនាមជារដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធាន CITES កម្ពុជា ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរចំនួន០៣ចំនុច ទី១ សូមប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមយល់ដឹង ដោយកុំទិញ ឬបរិភោគត្រីកម្រ ជាពិសេសគឺត្រីគល់រាំងនេះ (បើគ្មានអ្នកហូប គឺគ្មានអ្នកលក់ បើគ្មានអ្នកលក់ ក៏គ្មានអ្នកនេសាទ) ទី២ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តវិធានការផ្សព្វផ្សាយឱ្យប្រជានេសាទកាន់តែយល់ដឹង និងចូលរួមសហការការងារអភិរក្ស និងធ្វើការពិន័យ ឬក៏ដាក់ទោសទណ្ឌដល់គ្រប់ជន ដែលប្រព្រឹត្តបទល្មើសនេសាទ និងទី៣ សូមប្រជានេសាទ កុំប្រើមងក្រឡាធំដើម្បីចាប់ត្រី ហើយក្នុងករណីចាប់បានត្រីប្រភេទកម្រ សូមព្រលែងចូលទៅក្នុងទឹកវិញ ។

សូមបញ្ជាក់ថា ត្រីគល់រាំង គឺជាត្រីតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ដោយហាមឃាត់ដាច់ខាត ការនេសាទ ទិញលក់ និងដឹកជញ្ជូន ហើយត្រីគល់រាំងនេះ គឺជាប្រភេទត្រីទឹកសាបដែលមានទំហំធំបំផុតមួយ គឺអាចមានប្រវែង ពី ២ម៉ែត្រ ទៅ ៣ម៉ែត្រ និងទម្ងន់រហូតដល់ ៣០០គីឡូក្រាម ឯណោះ ៕

ដោយ ផែន រតនៈ