អាជ្ញាធរខេត្តកំពង់ឆ្នាំង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃចំនួន ៩វត្ត

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០–

កាលពីថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តក្តីត្នោត ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត បាននាំយកនូវទៀនព្រះវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ៩ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេន ជូនចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម បានបញ្ជាក់ថា បើគ្មានការដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះច្បាស់ណាស់ថា ប្រជាពលរដ្ឋនៅក្នុងខេត្ត មិនអាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការចូលកាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវនិងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន និង មន្រ្តីរាជការបានប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៩វត្ត  ដោយក្នុង១វត្តៗមាន ទៀន០១គូ និង ទេយ្យ វត្ថុមាន អង្ករ ៥០គីឡូក្រាម , ប្រេងម៉ាស៊ូត៣០លីត្រ , ទឹកបរិសុទ្ធ០១កេស , មី ០១កេស, ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ០១យួរ , ទឹកក្រូច០១កេស បច្ច័យចំនួន ៤០ម៉ឺនរៀល និងជូនថវិកាដល់យាយជី តាជី ដែលបានចូលរួមក្នុងម្នាក់ៗ ១ម៉ឺនរៀលផងដែរ៕ ដោយ៖បៃ ស៊ីថុន