ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចូលរួមពិធីប្រកាសផ្ទេរប្រគល់ មុខតំណែង ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត

AKP បាត់ដំបង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០–

ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរប្រគល់ មុខតំណែង ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង សមាជិកជាច្រើនរូបទៀត ។

ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរ ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង នាពេលនេះ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលត្រូវផ្លាស់ប្ដូរភារកិច្ចថ្មី ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រគល់ផ្ទះចំនួន៤១ខ្នង ដែលទទួលបានពីសប្បុរសជន ជូនអតីតយុទ្ធជន ក្នុងនោះមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ឧបត្ថម្ភផ្ទះចំនួន ៣០ខ្នង ឯកឧត្តម ងួន រតនៈ ឧបត្ថម្ភផ្ទះចំនួន ០២ខ្នង លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ឧបត្ថម្ភផ្ទះចំនួន ០២ខ្នង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ឧបត្ថម្ភផ្ទះចំនួន ០២ខ្នង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងសប្បុរសជនមួយចំនួនទៀត ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)