អភិបាលខេត្ត​រតនគិរី អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​រដ្ឋបាល​ស្រុក​អណ្តូង​មាស​

AKP រតនគិរី ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០
​នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន អភិបាល ខេត្តរតនគិរី អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​រដ្ឋបាល ស្រុក​អណ្តូង​មាស ដែលមាន ទំហំ ១៤​ម៉ែត្រ គុណ ២៨​ម៉ែត្រ កម្ពស់​៣​ជាន់​។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី ពី​សំណាក់​អស់ លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក មេបញ្ជាការ​មេ​បញ្ជា ការរង​កងកម្លាំង​ទាំងបី​ប្រភេទ និង​មន្ត្រីរាជការ​សាលាស្រុក ជាច្រើនរូប​ទៀត​។​

​ក្នុង​ពិធី​នេះ​ឯកឧត្តម ថង សាវុន មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេ រហូតដល់​ប្រទេសជាតិ​មានការ​រីក ចម្រើន​គ្រប់​វិស័យ​។ យើង​ទទួលបាន​សុខសន្តិភាព​មកដល់​ថ្ងៃនេះ គឺ​ឆ្លងកាត់ ពលិកម្ម​ច្រើនណាស់ ដូច្នេះ​ត្រូវតែ​ប្តេជ្ញា​រួមគ្នា ថែរក្សា​សន្តិភាព​នេះ​ឱ្យបាន យូរអង្វែង​តទៅទៀត សម្រាប់​អនាគត​កូនចៅ​យើង​។​
​ឯកឧត្តម​បន្តថា​កន្លងមក មិនត្រូវ​បានអនុញ្ញាត​ឱ្យ​សាងសង់​សាលាស្រុក​ទេ គឺ​សម្រាប់តែ​ចំណាយ ទៅលើ​ការបម្រើ​សេវាសាធារណៈ ដូចជា​សាងសង់​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត មិន​ទុកចោល រហូត​នោះទេ គឺ​បានគិត​គូរ​ថា​តើ​សាលាស្រុក​ក្រុង​គួរ​សាងសង់​នៅពេលណា​? ជា​ឱកាស​ដ៏​ល្អ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ ដោយ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន ទើប​ធ្វើឱ្យ​កម្រិត​ថវិកាជាតិ សម្រាប់​ការអភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ត្រូវបាន​កើន​ឡើងជា​បន្តបន្ទាប់ ហេតុដូចនេះ​ទើប​ខេត្ត​មានលទ្ធភាព សាងសង់​សំណង់​ទាំងនេះ​បាន​។​

​នៅក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ​បន្ទាប់ពី​បញ្ចុះបឋមសិលា ឯកឧត្តម ថង សាវុន អភិបាលខេត្ត​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​សង្គ្រោះបន្ទាន់ របស់​រាជរដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ជូន​ដល់ ប្រជាពលរដ្ឋ​ទីទ័លក្រ ដាច់​ស្បៀង​ចំនួន​៣៤​គ្រួសារ នៅ​ស្រុក​អណ្តូង​មាស​នេះ​ផងដែរ​៕ ដោយ ណ​យ នឿន​