អាជ្ញាធរជាតិអប្សរាថា នៅចុងខែសីហានេះ អាជីវករនឹងមានសិទ្ធិចូលទៅលក់ដូរ នៅក្នុងទីលានបដិសណ្ឋារកិច្ចបានជាបន្តបន្ទាប់

AKP សៀមរាប ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

សំណង់ភោជនីយដ្ឋានចំនួន៤ខ្នង នៅខាងលិចប្រាសាទអង្គរវត្ត ដែលបានបើក ដំណើរការជិត២០ឆ្នាំមកហើយនោះ ត្រូវបានរុះរើដោយស្ម័គ្រចិត្តពីសំណាក់ម្ចាស់អាជីវកម្ម ចំនួន៤នាក់ នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ ក្រោមកិច្ចសហការរបស់អាជ្ញាធរ ជាតិអប្សរា។

លោក ញៀន ទឿម ម្ចាស់ភោជនីយដ្ឋាន «នារីខ្មែរអង្គរ» ដែលបានបើកបម្រើសេវាកម្ម ម្ហូបអាហារនិងភេសជ្ជៈជូនភ្ញៀវទេសចរជាតិអន្តរជាតិជាង១០ឆ្នាំមកនោះ បានថ្លែងថា លោក ពេញចិត្តចូលរួមរុះរើទីតាំងជូនអាជ្ញាធរជាតិអប្សរារៀបចំសណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អមុខប្រាសាទអង្គរវត្តឱ្យស្រស់ស្អាតជាងមុន។ លោកក៏បានសម្តែងការសោក ស្តាយដែរតែដើម្បីប្រយោជន៍រួមគឺត្រូវលះបង់ ហើយអាជ្ញាធរជាតិអប្សរាក៏បាន ប្រគល់ទីតាំងថ្មីមួយសម្រាប់លោកលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ចផងដែរ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាន៍ថា តាំងពីដើមឆ្នាំ២០២០រហូតមកដល់ខែកក្កដានេះ មានតូបលក់ដូរ សំណង់ភោជនីយដ្ឋានធំៗ ចំនួន១៥ខ្នងហើយដែលម្ចាស់បានស្ម័គ្រចិត្តរុះរើ ដើម្បីប្រគល់ទីតាំងជូនអាជ្ញាធរជាតិ អប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្បទានទេសចរណ៍។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានយល់ដឹងនិងចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឱ្យដំណើរការការងារយ៉ាងរលូន។

នៅចុងខែសីហា នេះ អាជីវករនឹងមានសិទ្ធិចូលទៅលក់ដូរនៅក្នុងទីលានបដិសណ្ឋារកិច្ច ដែលរួចរាល់បាន៧០ភាគរយហើយ ហើយក្រុមការងារ ក៏នឹងបន្តការរុះរើសំណង់ផ្សេងៗទៀតដែល មានការស្ម័គ្រចិត្តពីម្ចាស់រហូតដល់អស់ពីមុខអង្គរវត្តក្នុងពេលដ៏ខ្លីខាងមុខដូចគ្នា៕

ដោយ ឃុត សៅ