រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ប្រធានមន្ទីរកិច្ចការនារី

AKP កំពង់ចាម ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តកំពង់ចាម មានរៀបចំធ្វើពិធីប្រកាសចូលកាន់ តំណែងថ្មីរបស់ប្រធានមន្ទីរកិច្ចការនារីខេត្តក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

យោងតាមប្រកាសរបស់ក្រសួងកិច្ចការនារីបានប្រកាសតែងតាំងលោកស្រី ឯម ថាវី ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាមថ្មី ជំនួសលោកស្រី ដុក ណារុំដែល ត្រូវដាក់ឱ្យ ចូលនិវត្តន៍។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមខេត្តកំពង់ចាម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសកម្មភាពថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃមន្ទីរកិច្ចការនារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចសម្រេច បានជោគជ័យ និងស្នាដៃធំធេងជូនក្រសួង ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តក្នុងការចូលរួមចំណែកសម្រេចបាន នូវទិសដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រទេសជាតិ មានការអភិវឌ្ឍ និងការរីក ចម្រើនលើគ្រប់វិស័យ ពិសេសគឺបានជួយលើកកម្ពស់សមភាព យេឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងកុមារដែលជាកម្លាំចលករមួយក្នុងការរួម ចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិហើយជាភារកិច្ចជាអាទិភាពមួយដែលរាជរដ្ឋាភិបាល កម្ពុជាយើងបាន និងកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូនជាស្ត្រីយើង។

 លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏បានធ្វើការវាយ តម្លៃ ខ្ពស់ចំពោះការចូលរួមគាំទ្រនូវការផ្លាសប្តូរផ្នត់ គំនិតសង្គមមិនមែនតែស្ត្រីទេ សង្គមមាន បុរស ស្ត្រី និងកុមារផងដែរ។ដូចនេះក្រសួង កិច្ចការនារីមានតួនាទីជួយអប់រំដល់ផ្នត់គំនិតសង្គមឱ្យ មានការប្តូរឥរិយាបថរបស់មនុស្យក្នុងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចជាតិយើង។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានកំពុងកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ក្នុងនោះថ្នាក់ដឹកនាំជាស្ត្រីត្រូវបានលើក កម្ពស់តួនាទីជាអ្នកដឹកនាំក្នុងសង្គមដូចបុរសដែរ។ ដូចនេះប្រធាន មន្ទីរ ដែល ទើប ទទួល បាន ការ ប្រគល់ ភារកិច្ច ថ្មី ត្រូវ ខិតខំ បំពេញ ការងារឱ្យ អស់ ពី សមត្ថភាព លទ្ធភាព ទេពកោសល្យ ការ ប៉ិនប្រសប់ និង គំនិត ច្នៃប្រឌិត ខ្ពស់ រស់ រវើក ក្នុងស្មារតី យក ចិត្ត ទុកដាក់ ក្នុង ការ ដឹកនាំ និង ភាពទទួល ខុសត្រូវ ខ្ពស់ ត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង ឱ្យ បានល្អដើម្បី ធានានិរន្តរភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ឱ្យ បានល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក្នុងការរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឱ្យ កាន់តែមានការរីកចម្រើន និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ដែលនៅតាម យាយីយើងគ្រប់ពេលវេលានោះ ដោយប្រកាន់ភ្ជាប់នៅគោលការ អនាម័យរបស់ ក្រសួងសុខាភិបាល៕    

ដោយ ឆាយ ម៉ុត