ឯកឧត្តម មាស សុភា អញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ពានស្ទឹងស្តៅ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវស្ពានស្ទឹងស្ដៅ  នៅក្នុងស្រុកសង្គមថ្មី  កាលពីថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក .ស២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឡុងសុវណ្ណ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យ ដឹងថា ស្ពានស្ទឹងស្តៅមានទទឹង ,២ម៉ែត្រ និងបណ្តោយប្រវែង ៤៨ម៉ែត្រ ដែលសាង សង់ដោយមន្ទីរសាធារណការខេត្ត។ ស្ពាននេះសាងសង់ពីដែកបេឡេក្រាលឈើ ដែលមាន ការឧបត្ថម្ភដែកបេឡេពីឯកឧត្តម ស៊ុន ចាន់ថុល និងឈើឧបត្ថម្ភដោយ ឯកឧត្តម សាយ សំអាល់ ចំណែកដែកសរសរស្ពានឧបត្ថម្ភដោយ ឯកឧត្តម មាស សុភា និងលោក ប្រាក់ សុវណ្ណ ក្នុងនោះដែរឯកឧត្តម មាស សុភា បានឧបត្ថម្ភថវិកា ចំនួន៥០លានរៀលបន្ថែមទៀត

ឯកឧត្តម មាស សុភា បានថ្លែងថា ស្ពានស្ទឹងស្តៅ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃនេះ គឺកើតឡើងតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្តៅ តាមរយៈ អង្គវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ដោយសារស្ពាននេះមានស ភាពចាស់ ទ្រុឌទ្រោមមិនអាចឆ្លងកាត់បាន។

ឯកឧត្តមបន្តថា ត្រឹមតែរយៈពេល៣ខែ ស្ពានស្ទឹងស្តៅនេះ បានសាងសង់ រួចរាល់ជាស្ថាពរ ឱ្យបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ ហេតុនេះសូមថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជួយឱ្យដំណើរការសាង សង់ស្ពានស្ទឹងស្តៅបានរួចរាល់មុនរដូវវស្សាមកដល់។

ឯកឧត្តម មាស សុភា ក៏បានជូនដំណឹងដ៏រីករាយដល់ប្រជាពលរដ្ឋស្រុកសង្គមថ្មីថា តាមការជូនដំណឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គម្រោងអភិវឌ្ឍន៍ផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលចាក់កៅស៊ូ២ជាន់ ចាប់ពីមុខសាលាស្រុកសង្គមថ្មី រហូតទៅដល់ទី ប្រជុំជនភូមិតាសែងកណ្តាល មានប្រវែង២៤គីឡូម៉ែត្រ គ្រោងសាងសង់នៅឆ្នាំ២០២១ និងផ្លូវក្រាលក្រួសក្រហមប្រវែង៣៨គីឡូម៉ែត្រ។ ចាប់ពីសាលាស្រុកគូលែនមកដល់ឃុំស្តៅ ស្រុកសង្គមថ្មី នឹងត្រូវសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ នៅឆ្នាំ២០២១ និងគម្រោងសាងសង់ស្ថានីយទឹកស្អាត កម្រិតសហគមន៍ ១កន្លែងទៀត ចំណុះ១ម៉ឺនលីត្រ នៅភូមិត្បែង ឃុំចម្រើន ដែលគម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីការសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានស្ទឹងស្តៅរួចហើយ ឯកឧត្តម មាស សុភា និងក្រុមការងារ បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃ ចំនួន៨វត្ត នៅវត្តបឹង ស្រុកសង្គមថ្មីខេត្តព្រះវិហារ។ ជាមួយគ្នានោះដែរ ឯកឧត្តម និងក្រុមការងារ ក៏បានទៅអញ្ជើញទៅចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើ ប្រាស់នូវទីស្នាក់ការគណបក្សប្រជាជន ក្នុងឃុំរណសិរ្យ ដែលសាងសង់អស់ថវិកាជាង១០០លានរៀលផងដែរ៕

ដោយ ទិត ស្រ៊