ឯកឧត្តម គន់ គីម អញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួន២៩១គ្រួសារ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមក្នុងពិធីប្រគល់ ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន២៩១គ្រួសារ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងនាំយកអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអង្ករនិងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រផងដែរ កាលពីថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម គន់ គីម ក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកអន្លង់វែង។

ទោះបី ក្នុងពេលនេះ សេដ្ឋកិច្ចកម្ពុជាកំពុងជួបការលំបាកយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែនបានសម្រេចបញ្ចប់កញ្ចប់ថវិកាជាតិរហូតដល់ទៅចំនួន២៥លានដុល្លារក្នុងមួយខែ ដើម្បីជួយ ដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រកម្រិត១ និងកម្រិត២ ប្រមាណចំនួន ៥៦ម៉ឺនគ្រួសារ ព្រមទាំងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាល បានត្រៀមថវិការហូតដល់ទៅចំនួន១២៥លានដុល្លារ សម្រាប់ជួយការលំបាក របស់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ។ការឧបត្ថម្ភនឹងធ្វើជាដំណាក់កាល ហើយបើជំងឺកូវីដ១៩ មិនទាន់រលាយរលត់ទេ ការឧបត្ថម្ភនេះក៏នូវតែបន្តរហូតដែរ។

ឯកឧត្តម ក៏បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យឱ្យបន្តចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបណ្តាលមកពីជំងឺកូវីដ១៩ មិនត្រូវដាក់សាច់ញាតិ ឬបក្ខពួក ត្រូវយកអ្នកដែលក្រីក្រពិតប្រាកដ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើអាជ្ញាធរ មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធណា ធ្វើការមិនត្រឹមត្រូវ នឹងត្រូវទទួលទោសទណ្ឌទៅ តាមច្បាប់ជាធរមានពីរាជរដ្ឋាភិបាល ដោយគ្មានការលើកលែងនោះទេ៕

ដោយ ទិត ស្រ៊