អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ រាល់សំណង់ ឬអគារនានា ដែលមានភាពស្របច្បាប់ គឺអាជ្ញាធរជាតិអប្សរា មិនដែលបដិសេធនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ —

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា មិនដែលបដិសេធចំពោះសំណង់ ឬអគារ ដែលមានភាពស្របច្បាប់ ហើយដែលស្ថិតក្រោមការគ្រងគ្រងក្នុងដែនដីរបស់ខ្លួននោះទេ។

លោក ឡុង កុសល បានបំភ្លឺបែបនេះ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយដែលបានផ្សព្វផ្សាយថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអាជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?” ដោយ លោក បានសង្កត់ធ្ងន់ថា៖ “ប្រជាពលរដ្ឋបានដាក់លិខិតមកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ហើយបន្ទាប់ពីបានទទួលលិខិតនោះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាក៏បានចុះទៅពិនិត្យមើលទីតាំងនេះផងដែរ ដោយបានជួបជាមួយព្រះសង្ឃ ដូនជី តាជី ។ល។ ដែលគង់ និងស្នាក់នៅ នៅទីនោះរួចហើយដែរ។ ហើយក្រុមការងារក៏កំពុងតែបន្តការងារនេះ តាមរយៈការរកមើលឯកសារគតិយុត្តិនានា ស្តីពីភាពស្របច្បាប់នៃទីតាំងរបស់សំណង់អាស្រមនោះ ព្រោះថាជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺមិនបដិសេធនោះទេចំពោះសំណង់ ឬអគារនានា ដែលមានភាពស្របច្បាប់ ហើយដែលបម្រើឱ្យផលប្រយោជន៍ជាសាធារណៈ” ។

ពាក់ព័ន្ធនឹងភាពស្របច្បាប់នៃទីតាំងរបស់សំណង់អាស្រមនេះ បើតាមព័ត៌មានដែលក្រុមការងារទទួលបានពីខាងស្រុកស្វាយលើ បានឱ្យដឹងថា គឺទីតាំងនេះតាំងពីកកើតមកពុំមានភាពស្របច្បាប់នោះទេ គឺបានកសាងក្នុងឆ្នាំ១៩៩៥ ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកស្វាយលើ នឹងទៅពិនិត្យទីតាំងនេះជាក់ស្តែង និងដោយផ្ទាល់នៅលើខ្នងភ្នំគូលេនតែម្តង។

គួររំលឹកថា សំណង់អាស្រមនេះ បានឆេះកាលពីខែឧសភា កន្លងមក ហើយកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ អាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា វិទ្យុ នគររាជ្យ បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានចំណងជើងថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?” ដែលជាហេតុបណ្តាលឱ្យមានការយល់ច្រលំពីមិត្តអ្នកអាន ជាពិសេសគឺប៉ះពាល់យ៉ាងខ្លាំងដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែខិតខំបំពេញការងាររបស់ខ្លួនទៅតាមច្បាប់ទម្លាប់ ក៏ដូចជាការងារអភិរក្សផ្សេងៗ៕

ដោយ ផែន រតនៈ