តំណាងរាស្ត្រខេត្តកណ្តាល ប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃនៅវត្តប្រជុំនទី និងវត្តព្រែកឫស្សី

AKP កណ្តាល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

នាព្រឹកនៅថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវ​នឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធា  រណការ និងដឹកជញ្ជូនខេត្តកណ្តាល និងក្រុមការងារបាននាំយកបរិក្ខារ ទេយ្យទាន និងបច្ច័យ ទៀនព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅក្នុងវត្ត ប្រជុំនទី(ហៅវត្តក្រពើហា) និងវត្តព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឯកឧត្តម ឈុន ស៊ីរុន មានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថា ព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ នៅរៀងរាល់ឆ្នាំមិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា ។

សម្ភារបរិក្ខារដែលបានប្រគេនព្រះសង្ឃ វត្តប្រជុំនទី ហៅក្រពើហា រួមមាន៖ បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន និង លោកជំទាវ បច្ច័យ ១លានរៀល, ទៀន១គូ, លោក ម៉ឹង យូឡេង បច្ច័យ ១លានរៀល, អង្ករ១០បាវ, ទឹកស៊ីអ៊ីវ ២០យួរ, ទឹកត្រី ២០យួរ ។ ដោយឡែកសម្រាប់វត្តព្រែកឫស្សី បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន និងលោកជំទាវ បច្ច័យ ១លានរៀល និង ២២០ដុល្លារអាម៉េរិក, លោក ម៉ឹង យូឡេង បច្ច័យ ១លានរៀល, អង្ករ៥បាវ, ទឹកស៊ីអ៊ីវ១០យួរ, ទឹកត្រី១០យួរ, លោក អេង ថន ចៅសង្កាត់ព្រែកឫស្សី ឆៃប៉ូវ១០គីឡូគ្រាម, ទឹកបរិសុទ្ធ៥កេស និងបច្ច័យពុទ្ធបរិស័ទចូលរួមសរុប ៧៥ម៉ឺនរៀល៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)