សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចែកអំណោយប្រជាពលរដ្ឋខ្វះខាត​នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតចំនួន ១១១គ្រួសារនៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដើម្បីរួមចំណែកបានខ្លះក្នុងការដោះស្រាយ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលកំពុងជួបការ​លំបាកដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានរាតត្បាតនៅលើពិភពលោកក្នុងនោះប្រទេសកម្ពុជាផងដែរ។

អំណោយមនុស្សធម៌នេះត្រូវបាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងក្រុមការងារនាំយកទៅ ចែកដោយផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត មានគ្រួសារក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះចំនួន ៤៥គ្រួសារ ​ក្នុងស្រុកភ្នំស្រុក និង ៦៦គ្រួសារទៀត នៅក្នុង ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវ​នឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ។

នៅក្នុងពិធីចែកអំណោយនោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដោយមិនដែលទុកឱ្យបងប្អូនណាម្នាក់រងការលំបាក​ដោយអត់ឃ្លាននោះ ឡើយ ។ សម្ដេចតែងតែចាត់ឱ្យក្រុមការងារ ចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាន ផ្ទាល់ ដើម្បីដោះស្រាយរាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការចុះជួយដោះស្រាយទុក្ខលំបាកជូនបង ប្អូនមិនមានការប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍ឡើយ ពោលគឺកាក បាទក្រហមកម្ពុជា តែងតែចុះជួយនៅពេលបងប្អូនជួបការលំបាក ដោយមិនឱ្យបងប្អូនណា ម្នាក់ស្លាប់ដោយអត់អាហារបរិភោគនោះទេ។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅ ឡើយទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យឱ្យបានខ្ពស់អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃ ឱ្យបានជាប់ជាប្រចាំជាមួយសាប៊ូ អាល់ កុល ឬជែល។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញលើកទឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវងាកមកដាំដុះបន្លែ​បង្ការ ឬចិញ្ចឹមសត្វជាដើមឱ្យបានច្រើន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ឯកឧត្តម លើកឡើងថា ការដាំដុះបន្លែបង្ការវាបានជួយដល់បងប្អូន ដូចជាជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ, ជួយបំពេញតម្រូវការទីផ្សារក្នុងស្រុក, កាត់បន្ថយការនាំចូលបន្លែពីក្រៅ ប្រទេស និងចូលរួមលើកកម្ពស់វិស័យកសិកម្ម តាមរយៈការកាត់បន្ថយនៃការប្រើប្រាស់សារ ធាតុគីមី ដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាននោះ៕ដោយ៖ឈុន សារ៉ាត