ឯកឧត្តម គួច ចំរើន សំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ១៥គ្រួសាររងផលប៉ះពាល់ដោយសារជំងឺCovid-១៩ នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងពិនិត្យមើលប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់នឹងជំងឺCovid-១៩ នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ការទទួលបានប័ណ្ណ ក្រ.១ ក្រ.២ ទទួលបានថវិកា  ខុសៗគ្នា ទៅតាមសមាជិកគ្រួសារ អ្នកគ្រួសារច្រើនបានច្រើន ម្យ៉ាងគ្រួសារដែលមានអាយុ ៦០ឆ្នាំឡើង និងកុមារអាយុក្រោម ៥ឆ្នាំ ជនពិការ ឬអ្នកមានជំងឺអេដស៍ ។ល។ ទទួលបានថវិកាច្រើនជាងគេ ។ ការបែងចែកនេះធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិ នេះជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលជំងឺ Covid-១៩ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមើលឃើញពីការលំបាកខ្វះខាតក្នុងស្ថានភាពជំងឺ Covid-១៩ កំពុងមានការរាតត្បាតនៅទូទាំងពិភពលោក ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនៅទូទាំងប្រទេស ។ យើងមានក្រុមការងាររបស់មន្ទីរផែនការខេត្ត ចុះផ្តល់បទសម្ភាសន៍បញ្ចូលទិន្នន័យក្នុងម៉ាស៊ីន ឆ្លើយថា ក្រ.១ ក្រ.២ ។ ដោយឡែកគ្រួសារក្រីក្រឆ្នាំ២០១៧- ២០១៨ កំពុងដំណើរការបើកសាច់ប្រាក់យ៉ាងរលូន ដោយឡែកគ្រួសារក្រីក្រថ្មីនឹងទទួលបានសាច់ប្រាក់ចុងខែកក្កដា ឆ្នាំ២០២០ ។ នេះជាអត្ថប្រយោជន៍ដែលបងប្អូនទទួលបានដោយផ្ទាល់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ប័ណ្ណក្រីក្រនេះមិនត្រឹមតែមានអត្ថប្រយោជន៍ តែប៉ុណ្ណឹងទេ វាមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា បើបងប្អូនទទួលបានប័ណ្ណនេះហើយ អាចប្រើប្រាស់ប័ណ្ណនេះក្នុងការពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ក្នុងករណីមានសមាជិកក្រុមគ្រួសារមានផ្ទៃពោះ រាជរដ្ឋាភិបាលនឹងចេញលុយថែមឱ្យទៀត ដូចជា ទី១.នៅពេលចាប់ផ្តើមមានផ្ទៃពោះ ទៅមណ្ឌលសុខភាពពិនិត្យផ្ទៃពោះ និងទទួលបានលុយ ក្នុងរយ:ពេលពពោះ ត្រូវទៅពិនិត្យសុខភាព ៤ដង ក្នុងមួយដងពេទ្យឱ្យលុយ ៤ម៉ឺនរៀល ទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យ។ ទី២.ពេលឆ្លងទន្លេទទួលបាន ២០ម៉ឺនរៀល។ ទី៣.យកទារកទៅពិនិត្យ ១០ដង ក្នុងម្តងទទួលបានលុយ ៤ម៉ឺនរៀល ។ សរុបទាំងអស់ទទួលបានថវិកា ៧៦ម៉ឺនរៀល ។

ឯកឧត្តន គួច ចំរើន ក៏បានធ្វើការក្រើនរម្លឹកប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ថែរក្សា ការពារខ្លួនកុំឱ្យឆ្លងជំងឺ Covid-១៩ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ បើចេញទៅតាន់ទីប្រជុំជនត្រូវពាក់ម៉ាស ក្រមា ឬកន្សែង ដើម្បីកុំឱ្យមានការឆ្លងជំងឺ Covid-១៩ មកក្នុងសហគមន៍ ។

ក្នុងឱកាសនោះមន្ទីរការងារអតីតយុទ្ធជន ក៏បាននាំយកអំណោយចែកជូនគ្រួសារក្រីក្រចំនួន ១៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ធុងទឹក១ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ប្រេងឆា១ដប កន្ទេល១ ទឹកត្រី ទឹកស៊ីអ៊ីវ និងឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១)ចំណែកឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ថវិកា ៥ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ផងដែរ ៕ ដោយ៖ងូ សុមុនី