ឯកឧត្តម គន់ គីម នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃចំនួន ១៦វត្ត នៅស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងលោកឧកញ៉ា លឹម ហេង ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាសរុបប្រមាណ ១៣ម៉ឺនដុល្លារអាម៉េរិក និងជាង ៥លានរៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៦វត្ត នៅទូទាំងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅវត្តជយទឹកជុំ ហៅ វត្តអន្លង់វែង ។

ឯកឧត្តម គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងស្រុកអន្លង់វែង ។ បើគ្មានការដាក់ចេញ និងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះច្បាស់ណាស់ថា ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង មិនអាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម ក៏បានសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចនឹងដឹកនាំកម្ពុជាពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍបានរីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តម គន់ គីម និងលោកឧកញ៉ា លឹម ហេង បានប្រគេនបច្ច័យបន្ថែមប្រមាណ ៣.០០០ដុល្លារអាម៉េរិក សម្រាប់កសាងវត្តជយទឹកជុំផងដែរ ៕ ដោយ៖ទិត ស៊្រ