ឯកឧត្តម មាស សុភា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាងទឹកតេជោបុស្បូវ នៅស្រុកជាំក្សាន្ត

AKP ព្រះវិហារ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ បន្តការគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រួមគ្នាថែរក្សាសុខសន្តិភាព ដែលបានមកដោយពិបាកតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ជាប្រមុខដឹកនាំ ឱ្យនៅស្ថិតស្ថេរគង់វង្យ ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនឡើង។

ការអំពាវនាវរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បែបនេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ « អាងទឹកតេជោបុស្បូវ » ស្ថិតនៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៦៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។

ឯកឧត្តម មាស សុភា បានថ្លែងទៀតថា ប្រទេសកម្ពុជាមានសុខសន្តិភាព ទើបមានឱកាសបានជួបជុំគ្នា មានឱកាសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាបាន ជាក់ស្តែងនៅភូមិតេជោបុស្បូវ ដែលស្ថិតលើខ្នងភ្នំដងរែកនេះ កាលមុនព្រឹត្តិការណ៍ប៉ះទង្គិចគ្នាជាមួយថៃ គឺមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ ប៉ុន្តែក្រោយព្រឹត្តិការណ៍នេះចប់ គឺប្រជាពលរដ្ឋមករស់នៅច្រើន ភាគច្រើនជាគ្រួសារកងទ័ព គ្រួសារកងនគរបាលជាតិ និងប្រជាពលរដ្ឋមកពីខេត្តនានាជាច្រើនទៀត ។

ឯកឧត្តម បានបញ្ជាក់ថា អាងទឹកតេជោបុស្បូវ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺបានកើតឡើងតាមរយៈអង្គវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋបានស្នើរសុំ ដោយសារនៅរដូវប្រាំងប្រជាពលរដ្ឋនៅលើភ្នំខ្វះខាតទឹកប្រើប្រាស់ ។ ដើម្បីដោះស្រាយបញ្ហានេះក្រុមការងារ បានសហការគ្នាដោយមានការចូលរួមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អង្គការស៊ីម៉ាក់ អាជ្ញាធរប្រាសាទព្រះវិហារ និងដោយបានការជួយឧបត្ថម្ភថវិកាពីមូលនិធិប្រទេសចិន ទើបអាចសាងសង់អាងទឹកនេះបានសម្រេច។ ក្រៅពីអាងទឹក ប្រជាពលរដ្ឋរស់នៅទីនេះនឹងទទួលបានសមិទ្ធផលថ្មីៗ ជាបន្តទៀតដូចជា ផ្លូវកៅស៊ូប្រវែង ២៤គីឡូម៉ែត្រ ពីឃុំស្រអែមមកភូមិតេជោបុស្បូវ ស្រះទឹកទំហំ ៥០ម៉ែត្រ គុណ៥០ម៉ែត្រ នឹងអណ្តូងស្នប់២ទៀត ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងចាប់ផ្តើមក្នុងឆ្នាំ២០២០នេះដែរ ៕ ដោយ៖ទិត ស្រ៊