មូលនិធិគន្ធបុប្ផាកម្ពុជា ផ្តល់វិភាគទាន១លានដុល្លារអាម៉េរិក សម្រាប់ការកសាង និងដំណើរការបន្ទប់ថ្មី សង្គ្រោះបន្ទាន់កុមារនិងទារកក្រោយពេលសម្រាលនៅមន្ទីរពេទ្យជ័យវរ័្មនទី៧សៀមរាប

AKP សៀមរាប ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០–

ដោយមានការចង្អុលបង្ហាញពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដាក់ឱ្យដំណើរការបន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលសមិទ្ធផលថ្មីនេះមូលនិធិគន្ធបុប្ផាកម្ពុជា បានចូលរួមផ្ដល់វិភាគទាន ១លានដុល្លារអាម៉េរិក ដើម្បីចំណាយលើការសាងសង់អគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗផងដែរ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ក៏បានបញ្ចាក់ថា នេះជាលើកទី២ហើយសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមវិភាគទានសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កុមារនិងទារក ដែលលើក១ ធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនៃអគារគន្ធបុប្ផា មុនីនាថ សីហមុនី កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ដោយបន្ថែមពីលើការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុជាប្រចាំដល់កិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធបុប្ផា។

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីពេទ្យជ័យវរ័្មនទី៧ បានឱ្យដឹងថា ឆ្នាំ២០២០នេះស្រ្តីដែលបានមកទទួលសេវាពិនិត្យផ្ទៃពោះនៅមានអត្រាខ្ពស់ដដែល គឺមានប្រមាណជាពី ៤០០ ទៅ៦០០នាក់ក្នុងមួយថ្ងៃ ស្រ្តីសម្រាលកូនមានពី៧០ ដល់១០០នាក់ក្នុងមួយថ្ងៃ ក្នុងនេះមានការវះកាត់ពី១០ ទៅ១៥ករណី ដោយឡែកមានការវះកាត់ទូទៅកុមារ មានជាមធ្យម៣០នាក់ក្នុងមួយថ្ងៃ។ លោកបន្តថា បន្ទប់ថ្មីទាំង២នេះ មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះកុមារ និងទារក។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ទីតាំង បានបម្រើសេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមាររាប់ម៉ឺននាក់ដោយឥតគិតថ្លៃ ជាមួយនឹងការចំណាយថវិកាប្រមាណពី ៤៥លាន ទៅ៥០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។ ថវិកាចំណាយទាំងនេះបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់មូលនិធិគន្ធបុប្ផាស៊្វីស ឬមូលនិធិគន្ធបុប្ផា Dr. Beat Richner, រាជរដ្ឋាភិបាលកម្ពុជា, និងមូលនិធិគន្ធបុប្ផាកម្ពុជា ដែលទទួលបានពីការចូលរួមបរិច្ចាគ នៃសប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ រួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីនាំមកនូវស្នាមញញឹមដល់កុមារ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ” និងដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមាររាប់លាននាក់នៅកម្ពុជា ដែលជាអាទិភាពមួយនៃក្រប  ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕ ដោយ៖ឃុត សៅ