រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន ០៦​គ្រៀង ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​

AKP ព្រះសីហនុ ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០
​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានប្រគល់​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់​ចំនួន ០៦​គ្រឿង ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​តាមរយៈ​ក្រសួងបរិស្ថាន​ប្រគល់ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី បែងចែក​បន្ត​ទៅតាម​មណ្ឌល​សុខភាព​ក្រុង​-​ស្រុក​ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ ២០២០ នៅ​សាលាខេត្ត​ព្រះ សីហនុ ។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បានផ្ដល់​រថយន្ត​សង្គ្រោះ​ចំនួន ០៦ គ្រឿង ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន តាមរយៈ​ក្រសួងបរិស្ថាន ជូន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​បម្រើសេវា​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ផ្សេងៗ ត្រូវការ​រថយន្ដ សង្គ្រោះបន្ទាន់​ពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ និង​ការលំបាក​របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​ការខ្វះខាតរ​បស់​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​មិនមាន​មធ្យោបាយ​ដឹកជញ្ជូន​មកកាន់​មណ្ឌល​សុខភាព​សង្គ្រោះបន្ទាន់​បាន​ទាន់ពេលវេលា​។

​ឯកឧត្ដម​អភិបាលខេត្ដ​បន្ដថា រថយន្ត​សង្គ្រោះ​ចំនួន ០៦​គ្រឿង​នេះ នឹង​បែងចែក​ទៅដល់​មណ្ឌល​សុខភាព​តាម​ក្រុង​-​ស្រុក ដើម្បី​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ជួប​ករណី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ត្រូវការ​រថយន្ដ​សង្គ្រោះបន្ទាន់​។ ទន្ទឹមនេះ កន្លងមក​នៅតាម​មណ្ឌល​សុខភាព​នៅ​ខេត្ត​ព្រះសីហនុ មានការ​ខ្វះខាត​នូវ​រថយន្ត​សង្គ្រោះបន្ទាន់​នៅពេល​អ្នកជំងឺ​ធ្ងន់ធ្ងរ​ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត ព្យាបាល​បាន​ទាន់ពេលវេលា​។​
សូមបញ្ជាក់ថា រថយន្ត​សង្គ្រោះ​ចំនួន ០៦​គ្រឿង​នេះ​ត្រូវបាន​ប្រ គល់​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បន្ត​ចែក​ជូនទៅ តាម​មណ្ឌល​សុខភាព​ក្រុង​-​ស្រុក ក្នុងនោះ​រួមមាន​៖ ក្រុងព្រះសីហនុ ចំនួន ០១​គ្រឿង ស្រុក​កំពង់​សិលា ០១​គ្រឿង ស្រុក​ស្ទឹងហាវ ០១​គ្រឿង និង​ស្រុក​ព្រៃនប់​ចំនួន ០៣​គ្រឿង​៕ ដោយ ងូ សុ​មុនី​