អភិបាលខេត្ដ​ព្រះវិហារ នាំយក​ទេយ្យទាន និង​ទៀន​ព្រះវស្សា ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង វត្ត​ចំនួន​២០ ក្នុងស្រុក​គូលែន​

AKP ព្រះវិហារ ថ្ងៃទី​០៤ ខែ​កក្ដ​ដា ឆ្នាំ​២០២០
​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​បាន​នាំយក​ទេយ្យទាន​មក​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ចំនួន​២០ នៅក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃ​សុក្រ ១៣​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កក្ដ​ដា ឆ្នាំ​២០២០ នៅក្នុង​វត្ត​ពោធិ៍​បញ្ច​សហស្សា​រាម (​ហៅ​វត្ត​ដើម​ពោធិ៍​ប្រាំ​ពាន់​ដើម​) ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​ឯកឧត្តម ប្រាក់ សុវណ្ណ បាន​មានប្រសាសន៍ថា ដោយសារ​ប្រទេស​មាន​សុខសន្តិភាព មាន​ស្ថិរភាព​ពេញលេញ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ទន្ទឹមនេះ បច្ចុប្បន្ន​វិស័យ​ព្រះពុទ្ធសាសនា​ក៏​កំពុងមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ផងដែរ គឺ​ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដែល​ពលរដ្ឋ​មាន​សិទ្ធ​គ្រប់បែបយ៉ាង ក្នុងការ​ប្រកប​អាជីវកម្ម រក​ទទួលទាន​បាន​ធូរធា​គ្រប់ៗ​ក្រុមគ្រួសារ​ទៀតផង ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មើលថែរក្សា ដល់​កូនចៅ​តូចៗ​កុំឱ្យ​មានការ​គ្រោះថ្នាក់ ព្រោះថា​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លា​ក់វា​នឹង​ងាយ​កើត​ជំងឺ​ដល់​ក្មេងៗ​ជាពិសេស​ជំងឺគ្រុនឈាម​តែម្ដង ត្រូវ​ចេះ​អនាម័យ ដោយ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ជានិច្ច ជាពិសេស​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ឯកឧត្តម ក៏បាន​ជំរុញ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើយ៉ាងណា​ត្រូវ​សហការគ្នា​ដើម្បី​ទប់ស្កាត់​និង​ប​ង្គ្រា​ប​បទល្មើស​ធនធានធម្មជាតិ មានដូចជា​បទល្មើស​ព្រៃ​ឈើ បទល្មើស​រុករក​រ៉ែ​ខុសច្បាប់ ជួញដូរ​សត្វព្រៃ ជួញដូ​គ្រឿងញៀន ជាពិសេស​ធនធានធម្មជាតិ​តែម្ដង​ត្រូវតែ​ប​ង្គ្រា​ប​ឱ្យ​ខាន​តែ​បាន​។
​សូមបញ្ជាក់ថា ទេយ្យទាន​ដែល​វត្ត​នីមួយៗ​ទទួលបាន រួមមាន​ទៀន​ព្រះវស្សា ០១​គូរ មី ០១​កេស​ធំ ត្រីខ ០៥​យួរ ទឹក​សុទ្ធ ០២​កេស ទឹកក្រូច ០១​កេស អង្ករ ០១​បេ ប្រេងម៉ាស៊ូត ៣០​លីត្រ ថវិកា ២០០,០០០​រៀល ៕ ដោយ ទិ​ត ស្រ៊​