ប្រជាពលរដ្ឋ​ចំនួន​២០៩​គ្រួសារ ចាប់ឆ្នោត​យក​លេខ​រៀង ឡូ​តិ៍​ដីស្រែ​ជា​លើក​ទី​៤ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​

AKP ព្រះវិហារ ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០
​រដ្ឋបាលខេត្ត​ព្រះវិហារ បានរៀបចំ​ការចាប់​ឆ្នោត​យក​លេខ​រៀង ឡូ​តិ៍​ដីស្រែ ស្ថិតនៅ​ភូមិ​កំ​ពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ដ​ព្រះវិហារ ជា​លើក​ទី​៤​។ ការចាប់​ឆ្នោត​នេះ បានធ្វើ​ឡើង​នៅ​សាលាឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែលមាន​ចំនួន​២០៩ គ្រួសារ កាលពី​ថ្ងៃ​សុក្រ ១៣​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កក្ដ​ដា ឆ្នាំ​២០២០ ។

លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​របស់ខ្លួន ហើយ​បាតុភាព​រំលោភបំពាន​លើដី​ធ្លី ដែល​ធ្លាប់បាន​ជួបប្រទះ​នៅពេល​មុនៗ នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​។ លោក​បាន​បន្ដថា ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​កសិកម្ម​២​ហិកតា​នេះ មាន​សិទ្ធិ​ប្រើប្រាស់​អាស្រ័យ​ផល​ផ្តាច់មុខ និង​ទូលំទូលាយ ដោយ​កុំឱ្យ​យក​ដី​នេះ​ទៅប្រើ​ប្រាស់​ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​ហាមឃាត់ ហើយ​ត្រូវ​ប្រើប្រាស់​ដី​នេះ​ដាំ​ដំណាំ​ផ្សេងៗ​ជា​បន្តា​បន្ទាប់​ឱ្យ​គ្រប់​រយៈពេល​៥​ឆ្នាំ​ទើប​អាចមាន​សិទ្ធិ​យក​ដី​នេះ​ទៅ​លក់ដូរ ជួល ផ្ទេរ ឬ​បញ្ចាំ​ធានា​គារ​បាន ។

​​លោក​អភិបាលរង​ខេត្ត​ក៏បាន​ណែ​នាំឱ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្តន៍​តាមច្បាប់ លិខិតបទដ្ឋាន​គតិ​យុ​ត្ដ​ជា​ធរមាន ព្រមទាំង​បទបញ្ជា របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​មនសិការ​ទទួលខុសត្រូវ​ខ្ពស់ ការពារ​កុំ​ឱ្យមាន​ការចូល​កាន់កា​ប់​ទន្ទ្រាន​ដី​រដ្ឋ ត្រូវ​ហាមឃាត់​ជាដាច់ខាត​។ លោក​បាន​កោតសរសើរ​ដល់​ក្រុមការងារ​នៃ​គណៈកម្មាធិការ​បែងចែក និង​ប្រើប្រាស់​ដី​ខេត្ត​ដែល​បាន​ខិតខំ​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​លះបង់​ខ្ពស់ ក្នុងការ​រៀបចំ​កិច្ចដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ៕ ដោយ ទិ​ត ស្រ៊​