រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ជំរុញ​ដល់​អាជ្ញាធរ​ឃុំ និង​ស្រុក​កោះសូទិន ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​

AKP កំពង់ចាម ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០
​ក្នុងឱកាស​ចុះ​បំពេញបេសកកម្ម​ការងា​រ​នៅ​ខេត្តកំពង់ចាម ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បាន​ជំរុញ​ដល់​ថ្នាក់​ដឹក​មន្ត្រីក្រោមឱវាទ​ទាំងអស់​នៅក្នុង​ឃុំ​ល្វេ ក៏ដូចជា​នៅក្នុង ស្រុក​កោះសូទិន​ទាំងមូល ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​របស់ខ្លួន ហើយ​អ្វីដែល​សំខាន់​ត្រូវ​ចងចាំ​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បញ្ជាក់ថា មន្ត្រី គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិន មែន​ជា​ចៅហ្វាយ របស់​ប្រជាជន នោះទេ​។​

​ថ្លែង​ក្នុង​ពិធី​បញ្ចុះបឋមសិលា​កសាង​អគារ​បំពេញការងារ រួមជាមួយ​សមិទ្ធផល​នានា និង​ជួប​សំណេះសំណាល​ជាមួយ អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើង​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទ​ក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​ទីជនបទ តាមរយៈ​ការជួយ​កសាង​នូវ​រាល់​សមិទ្ធផល​នានា ដែល​បម្រើឱ្យ​សេចក្តីត្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ឯកឧត្ដម​បានលើកឡើង​ថា អ្វីដែល​សំខាន់ និង​ជាការ​គិត​គួរ​ខ្ពស់បំផុត​នោះ គឺ​ដាក់ឱ្យ​ដំណើរការ​អនុវត្ត​ន៍ក​ម្ម​វិធី​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែល​កម្មវិធី​នេះ ជា​វិធានការ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​ជូន​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌​ទូទាំងប្រទេស​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម ចំពោះ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ជន​មាន​ពិការភាព ជន​ចាស់ ជរា អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នកមាន​ផ្ទុកមេរោគ​អេដស៍ នៅក្នុង​គ្រួសារ​ក្រីក្រ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ដថា បច្ចុប្បន្ន គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌ (​ទាំង​ក្រ​-១ និង​ក្រ​-២) មាន​ប្រមាណ​ជាង ៥៦ ម៉ឺន​គ្រួសារ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ប្រមាណ ២៥ លាន​ដុល្លារ ក្នុង​មួយខែៗ សម្រាប់​បើក​ផ្តល់ជូន​។ ជាមួយនេះដែរ អ្វីដែល​សំខាន់​នោះ គឺ​ការបង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ក្នុង​ការធានា​សន្តិសុខ​ប្រាក់ចំណូល​ជា​មូលដ្ឋាន​ដល់ក​ម្មករ និយោជិត ក៏ដូចជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេស​នៅពេល​ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ដែលជា​ដៃគូ​ជាមួយ ប​.​ស​.​ស គឺ​មិនបាច់ បង់ប្រាក់​នោះទេ គឺ​រដ្ឋ​ជា​អ្នកចេញ​ថ្លៃ​ឱ្យ​។ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណ​សមធម៌ គឺ​ពិនិត្យ​ព្យាបាល​ជំងឺ នៅ​មន្ទីរ​មិន​អស់​លុយ​នោះទេ ហើយ​អ្នក​ទៅ​កំដរ​អ្នកជំងឺ ក៏​ទទួលបាន ថវិកា​ផងដែរ​។​

ក្នុងឱកាស​នោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើការ​រម្លឹក​ឡើង​វិញ​ដល់ អាណាព្យាបាល​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា បន្ត​អប់រំ​ណែនាំ កូន ចៅ ឱ្យ​ចៀស​ឆ្ងាយ​ពី​ការ ប្រើប្រាស់​គ្រឿងញៀន ដែល​បំផ្លាញ​សុខភាព បំផ្លាញ ខួរក្បាល និង​អនាគត​ខ្លួនឯង ក៏ដូចជា គ្រួសារ ពិសេស​គឺ​ធ្វើឱ្យ​ភូមិ ឃុំ គ្មាន​សុវត្ថិភាព​ថែម​ទៀតផង​។ លើសពីនេះ​ទៀត សូម​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំងអស់គ្នា ជាពិសេស​យុវជន ត្រូវ​មក​រួមគ្នា​ធ្វើការ​ជា​ក្រុម ធ្វើ​អ្វីៗ​ដែលមាន​ផលប្រយោជន៍​សម្រាប់​គ្រួសារ និង​សង្គមជាតិ​៕​ដោយ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា​

 
​ ​