គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម  ដែលមាន១២ជំពូក និង៩៧មាត្រា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០–

ក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមាន១២ជំពូក និង៩៧មាត្រា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពនយោបាយ លើកកម្ពស់សន្តិសុខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ បានផ្ដល់អំណោយផលដល់ការកើនឡើងជាលំដាប់នូវវិនិយោគិនជាតិនិងអន្ដរជាតិចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនោះក៏មានការវិនិយោគលើវិស័យកាស៊ីណូផងដែរ។

អាជីវកម្មកាស៊ីណូ បានចូលរួម ទី១- ជំរុញការអភិវឌ្ឍតំបន់ព្រំដែនដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍនិងគ្មានប្រជាជនរស់នៅ។ ទី២-ការពារខ្សែក្រវាត់ព្រំដែន តាមរយៈការសាងសង់អគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការលើកទឹកចិត្តការមកតាំងទីលំនៅថ្មីរបស់ប្រជាជន។ទី៣- គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ទី៤- បង្កើតប្រភពចំណូលថវិកាជាតិ។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា មកដល់បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោកបានប្រែក្លាយល្បែងពាណិជ្ជកម្មទៅជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Integrated Resort) និងជាកន្លែងកម្សាន្តទាក់ទាញទេសចរជាច្រើន តាមរយៈការរៀបចំទីតាំងល្បែងពាណិជ្ជកម្ម ដោយរួមបញ្ចូលនូវទីតាំងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌលកម្សាន្តនិងទស្សនា មណ្ឌលសន្និបាតឬពិព័រណ៍ និងហាងលក់ទំនិញរួចពន្ធជាដើម គឺជាប្រភពចំណូលថវិកាដ៏សំខាន់ និងជាទីតាំងបង្កើតការងារជាច្រើនប្រភេទនៃឧស្សាហកម្មគ្មានផ្សែង ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ទន្ទឹមនេះដែរ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដែលជាទស្សនទានមួយថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងអនុញ្ញាតឱ្យមានការគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹងនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្របក្នុងការត្រួតពិនិត្យជាប្រចាំលើកិច្ចដំណើរការរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម ព្រមទាំងបានគិតគូរផងដែរអំពីយន្តការយ៉ាងតឹងរ៉ឹងពាក់ព័ន្ធនឹងការប្រឆាំងការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បណ្តាកាស៊ីណូនៅភ្នំពេញ(ណាហ្គាវើល) ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមតំបន់ព្រំដែននិងទីតាំងផ្សេងទៀត ដោយឱ្យម្ចាស់កាស៊ីណូ ត្រូវចុះកិច្ចព្រមព្រៀងឬអនុស្សរណៈជាមួយក្រសួងសុខាភិបាល (ឬមន្ទីរសុខាភិបាល) លើការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់ការងារឱ្យបុគ្គលិក ដែលបានបាត់បង់ការងារមួយរយៈកន្លងមក និងជាការជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញផងដែរ។

ជាងនេះទៀតប្រមុខរាជរដ្ឋាភិបាល ក៏បាន អនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញ ប៉ុន្តែត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ៖ជឹម ណារី