ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រគល់សម្ភារប្រយុទ្ធប្រឆាំងCovid-19 ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បាននាំយកសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ចំនួន៤ប្រភេទដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។

សម្ភារទាំង៤ប្រភេទដែលឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះនាពេលនោះ រួមមាន៖ ជែលប្រភេទ ON1 500 ML ចំនួន ៣២កេស និង១០ដប ជែលប្រភេទ Dr lee 500 ML ចំនួន ១កេស ម៉ាស់ ៣កេសធំនិង១៧ប្រអប់ សាប៊ូ Protex ចំនួន១១កេស និង១២ប្រអប់។

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានលះបង់ធនធានថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ។

ឯកឧត្ដម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងចាត់ចែងប្រើប្រាស់សម្ភារទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងចំគោលដៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ។

ក្នុងឱកាសប្រគល់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺCvid-19 ដល់សាខាកាកបាទក្រហមក្រហមកម្ពុជាខេត្តក្រចេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបញ្ជាក់ថា នេះគឺជាទឹកចិត្តសប្បុរសរបស់ឯកឧត្ដមផ្ទាល់ ក្នុងការចែករំលែក និងចូលរួមជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងនៃជំងឺCovid- 19 ។

ឯកឧត្ដមបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដាក់ចេញនូវវិធានការការពារជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺCovid-19 និងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលជំងឺCovid-19 ៕ ដោយ៖ជួន សុជាតិ