អភិបាលខេត្ត ចូលរួមពិធីបើកការប្រកួតកីឡាបាល់ទាត់ ក្របខ័ណ្ឌថ្នាក់ស្រុក ឃុំ កម្រិតយុវជនអាយុក្រោម ២៣ឆ្នាំ

AKP បាត់ដំបង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​​​​​​​​​​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិ បាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុក ឃុំ កម្រិតយុវជនអាយុក្រោម ២៣ឆ្នាំ ដណ្តើមពានរង្វាន់ប្រាក់លាន ដែលបានប្រារព្ធធ្វើនៅសាលាបឋមសិក្សាតាគ្រាម ស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាម អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្អូនៗកីឡាករជាច្រើនរូបទៀត ។

ឯកឧត្តម ងួន រតនៈ បានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដែលបានរៀបចំកម្មវិធីកីឡានានាក្នុងឃុំ និងបានឱ្យយុវជនចូលរួមលេងកីឡា ដើម្បីបង្កើនមិត្ត ភាព សុខភាព និងបានចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីព្រោះថាជំងឺកូវីដ-១៩ មិនទាន់រលាយសាបសូន្យនៅឡើយទេ ។ បច្ចុប្បន្នប្រទេសកម្ពុជាយើងក៏មានការឆ្លងរីករាលដាលជាថ្មីទៀត ដូច្នេះសូមក្មួយៗលាងសម្អាតដៃឱ្យបានញឹកញាប់ និងធ្វើដំណើរទៅទីសាធារណៈផ្សេងៗត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗផងដែរ។

សូមជម្រាបជូនដែរថា កីឡាករ កីឡាការិនីដែលចូលរួមក្នុងការប្រកួតមានចំនួន ៦ក្រុម ដែលមានកីឡាករ កីឡាការិនីមកស្រុកសង្កែ១ក្រុម ស្រុកឯកភ្នំ១ក្រុម និងក្នុងស្រុកបាណន់ ចំនួន ៤ក្រុម ហើយការប្រកួតនោះក្នុងគោលបំណងលើកកម្ពស់វិស័យកីឡានៅមូលដ្ឋាន ក៏ដូចជាការលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សស្រឡាញ់កីឡាចូលរួមហ្វឹកហាត់ទាំងអស់គ្នា ដើម្បីសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ស្មារតីផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)