សម្តេចចៅហ្វា​វាំង គង់ សំអុល ស្នើ​ប្រជាពលរដ្ឋ​ឱ្យ​ថែទាំ​សុខភាព និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​

AKP កំពត ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០
​សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹ​ង្កា​រ គង់ សំអុល បាន​មានប្រសាសន៍ថា តាម សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ ចន្លោះ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៧ ខែកក្កដា ខេត្ត​នៅជាប់​មាត់សមុទ្រ​នឹងរង​ឥទ្ធិពល ខ្យល់មូសុង និរតី​បក់​ខ្លាំង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ មាន​ដូច​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម​។

​សម្តេចចៅហ្វា​វាំង គង់ សំអុល បានលើកឡើង​បែបនេះ ក្នុងឱកាស​ដែល​សម្តេច​
​ចុះសួរសុខទុក្ខ និង​នាំយក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ចែកជូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ចំនួន​៣៣​គ្រួសារ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​។​

​សម្តេចចៅហ្វា​វាំង​បាន​បន្តថា ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម​នេះ ខេត្ត​ជាប់មាត់​សមុទ្រ និង​បណ្តា​ខេត្ត​មួយចំនួនទៀត នឹង​ទទួលរង​ឥទ្ធិពល​ខ្យល់ មូសុង​និរតី​បក់បោក​ខ្លាំង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ អ្នកធ្វើដំណើរ តាម​សមុទ្រ ពិសេស​ប្រជា​នេសាទ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ត្រៀមលក្ខណៈ ការពារ​ខ្លួន និង​គ្រួសារ​។ ពិសេស​ត្រូវ​គិតគូរ​ចំពោះ​សុវត្ថិភាព​កូនចៅ​តូចៗ ពេល​មាន​ភ្លៀង​ធ្លាក់ កុំឱ្យ​រត់​លេង​ទឹកភ្លៀង ឬ​នៅ​ជ្រក​ក្រោម​ដើមឈើ​។ ចំណែក​សត្វ​ជ្រូក គោ ក្របី និង​ទ្រព្យ សម្បត្តិ​ផ្សេងៗ​ទៀត ក៏ត្រូវ​ទុកដាក់​ឱ្យបាន​ល្អ​ផងដែរ ដើម្បី​បង្ការ ការបាត់បង់ ដោយ​គ្រោះធម្មជាតិ​ណាមួយ ដែល​កើតឡើង​ដោយ​ជាយថាហេតុ​។​

​នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩ សម្តេចចៅហ្វា​វាំង​បានស្នើ​ឱ្យ​ពេល​រដ្ឋ​បន្ត​អនុវត្តន៍ វិធានការ​អនាម័យ រក្សា​គម្លាត​សង្គម​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​រួមគ្នា​ការពារ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​ទៅក្នុង​សហគមន៍​។ សម្តេច​ក៏បាន​ជំរុញ និង​លើក​ទឹក ចិត្ត​ដល់​ប្រជាពលរដ្ឋ ឱ្យ​ខិតខំ​បង្កបង្កើនផល ដាំ​បន្លែ​ដំណាំ​ឱ្យបាន​ច្រើន​សម្រាប់​ជួយ ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ ឆ្លើយតប​តាម​ការចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ ប្រាក់ លាង​