រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមធុរកិច្ចជប៉ុននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ច ជប៉ុន នៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា។

ក្នុងនៅក្នុងជំនួបសមាគមធុរកិច្ច នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារក៏ដូចជាទាក់ ទាញវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃ គូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជានិងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការ ចុះហត្ថលេខាក្នុងឆ្នាំនេះ។

កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏ កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារក៏ដូចជា បង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផល ប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

សមាគម JBAC បានទទួលយកសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹង ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា៕

ដោយ ម៉ៅ ចរិយា