លោកជំទាវ ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៨វត្ដ ក្នុងខេត្ដកណ្ដាល

AKP កណ្ដាល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងលោក ផែរ ហុកឈួន និងលោកស្រី អ៊ឹង ស៊ីស្រ៊ន ឧបាសិកាតាំង បាក់ ហៀង និងមានការចូលរួមពីពុទ្ធ បរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន០៨វត្ត ក្នុងខេត្តកណ្តាលរួមមាន៖ វត្តព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ្តិ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅវត្តវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល

លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកណ្តាល ដោយសម្តេចទាំងទ្វេតែងតែគិតគូរខ្ពស់ ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីនោះដែរ លោកជំទាវបានមានប្រសាសន៍ថា ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិប័តន៍ព្រះពុទ្ធសាសនា ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿង និងរីកចម្រើន។  

លោកជំទាវក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តន៍ឱ្យ បានខ្ជាប់ខ្ជួន និងរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការនានាតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈ ពិភពលោកកំពុងប្រឈម មុខនឹងការរាត្បាតយ៉ាងខ្លាំង។ លោកជំទាវក៏បានផ្តាំផ្ញើឱ្យ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ និងការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរ ត្រូវតែពង្រឹងឱ្យមានប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាព  និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា។  

សូមបញ្ជាក់ថា ទៀនព្រះវស្សា ទេយ្យទាន ដែលលោកជំទាវ ប្រគេនដល់វត្តចំនួន ០៨ មាន បច្ច័យ ទៀនព្រះវស្សា១គូ  ប្រេង៣០លីត្រ អង្ករ ៥០គីឡូក្រាម មីម៉ាម៉ា ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ត្រីខ និងត្រីងៀត។ល។ ព្រមទាំងបានចែកទាន ដល់ប្រជាពលរដ្ឋជាង២០០នាក់ផងដែរ៕

ដោយ សួស សំរិត