អភិបាលខេត្តកំពង់ចាមលើកឡើងថា ខេត្តមានតំបន់ទេសចរណ៍ចំនួន១២កន្លែង ដើម្បី​ទាក់​ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកទៅទស្សនា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍សរុបទាំងអស់ចំនួន១២កន្លែង ក្នុងនោះ មានតែតំបន់ទេសចរណ៍ចំនួន ០៦កន្លែងប៉ុណ្ណោះ ដែលបានទាក់ទាញភ្ញៀវទេសចរទៅទស្សនាច្រើន​នៅក្នុងខេត្តមួយនេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម» នៅព្រឹកថ្ងៃទីខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍ទាំង០៦កន្លែង ដែលទាក់ទាញភ្ញៀវទេសចរឱ្យ​ទៅលេងច្រើននោះរួមមាន៖ រមណីយដ្ឋានភ្នំប្រុសភ្នំស្រី, ប្រាសាទនគរបាជ័យ, ភ្នំហាន់ជ័យ, ភ្នំជើងព្រៃ, រមណីយដ្ឋានទឹកឆា និងរមណីយដ្ឋានឆ្នេរខ្សាច់កោះបែនឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តកំពង់ចាមបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជាបង្កើតនូវភាពទាក់ទាញ​ឱ្យមានតំបន់ទេសចរណ៍កាន់តែសម្បូរបែបនេះនៅក្នុងខេត្តមួយនេះ បើទោះបីជាខេត្តកំពង់ចាមពុំ​មែនជាខេត្តដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិដូចខេត្តដទៃនៅកម្ពុជាក៏ដោយចុះ ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់ថា បច្ចុប្បន្នខេត្តបានជំរុញនូវអាជីវកម្ម និងសេវាកម្មទេសចរណ៍ឱ្យមានច្រើននៅក្នុងខេត្តនេះ។ ជាក់ស្តែងបច្ចុប្បន្នខេត្តមានសេវាកម្មទេសចរណ៍ជាង៧រយកន្លែង។

ឯកឧត្ដមបានបន្ថែមថា ខេត្តកំពង់ចាមមិនខ្វះទេកន្លែងសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ ដែលមានម៉ាកល្បីៗ បើប្រៀបធៀបជាមួយរាជធានីភ្នំពេញ ហើយអ្វីដែល​រាជធានីភ្នំពេញមាន គឺកំពង់ចាមមានដូចគ្នា

ដោយ ចាន់ សុធីវង្ស