ឯកឧត្តម ងួន រាសី នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យ និងជាតំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា ទៀនព្រះវស្សា និងទេយ្យទាន  ដែលឯកឧត្តមបាននាំយកមក ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្តនេះ គឺជារបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់ ដើម្បីប្រគេនព្រះសង្ឃក្នុង ឱកាសគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីបូជាថ្វាយព្រះរតនត្រ័យ និងសម្រាប់ ព្រះសង្ឃសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ ទៅតាមគន្លង ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះនៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

ក្នុងនាម ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ព្រមទាំងមន្ត្រីខុទ្ទកាល័យ និងសហការី ដែលបាននាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សាក្នុងថ្ងៃនេះ សូមសម្តែងនូវការស្វាគមន៍ចំពោះការខិតខំរបស់ព្រះសង្ឃ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា រហូតមក ដល់បច្ចុប្បន្ននេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យព្រះពុទ្ធសាសនា។

ឯកឧត្តម ងួន រាសី ក៏បាន រម្លឹកដល់ព្រះតេជគុណគ្រប់ព្រះអង្គ លោកតា លោកយាយ ដូចជ្រាបស្រាប់ហើយថា បច្ចុប្បន្ននេះមិនថាឡើយតែកម្ពុជាយើងទេ ដែលជួបប្រទះនូវ បញ្ហារីករាលដាលនៃជំងឺប្រភេទថ្មី កូវីដ-១៩។ ជំងឺនេះបាន និងកំពុងរាតត្បាតលើ ពិភពលោកទាំងមូល ហើយមកដល់ពេលនេះពុំទាន់មានអ្នកវិទ្យាសាស្ត្រប្រទេសណាមួយ ស្រាវជ្រាវរកឃើញវាក់សាំងការពារជំងឺនេះនៅឡើយទេ។ ដូចនេះសូមថែរក្សាសុខភាព ឱ្យបានល្អ និងអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគ្រូពេទ្យ អ្នកជំនាញ ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទាន ដែលត្រូវបានប្រគេនដល់វត្តទាំង១២ នេះ ដោយក្នុងមួយវត្តៗ ប្រគេនទៀនព្រះវស្សាខ្នាតធំ១គូ និងទេយ្យទានមាន អង្ករ មី ស្ករស កាហ្វេ ទឹកដោះគោ តែ ទៀន ធូប ទឹកបរិសុទ្ធ ទឹកក្រូច អាល់កុល ម៉ាស់ និងថវិកាមួយចំនួន៕

ដោយ ប៉ាល់ សុង