រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សារួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី សណ្តាប់ធ្នាប់សាធារណៈ

AKP ព្រះសីហនុ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំពិភាក្សារួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សណ្តាប់ធ្នាប់សាធារណៈនៅសាលា ខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។

គណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ បានសិក្សា ស្រាវជ្រាវ និងចងក្រង មាន៨ជំពូក និង៤៨មាត្រា ក្នុងគោលបំណងប្រមូលបាននូវធាតុចូល និងតម្រូវការក្នុងស្ថានភាពជាក់ស្តែង ដើម្បីពិភាក្សា និងស្រង់យកមតិយោបល់ល្អៗផ្ញើមក គណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់ ដើម្បីឱ្យគណៈកម្មការធ្វើការពិនិត្យ និងដាក់ជូន ប្រមុខរាជរដ្ឋាភិបាល។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានមតិបូកសរុបកិច្ចប្រជុំពិភាក្សា និងបានកោតសរសើរដល់មន្ត្រីដែលបានបញ្ចេញមតិ ប្រមូលធាតុចូលយ៉ាងផុលផុស ទៅតាមជំពូក និងមាត្រានីមួយៗលើសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងការចូលរួមកែសម្រួលលើសេចក្តីព្រាងច្បាប់ប្រកបដោយប្រសិទ្ធភាព ធានាបាននូវ គុណភាព សោភណភាព អនាម័យ បរិស្ថាន សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ងូ សុមុនី