រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ឣនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

AKP បាត់ដំបង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០–

នៅសាលាខេត្តបាត់ដំបង ព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៩ និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការឣនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងពិធីផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់រដ្ឋបាល ឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការងារ។

ឯកឧត្តម ងួន រតន: បានមានប្រសាសន៍ផ្តាំផ្ញើដល់ឣភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ឱ្យយកចិត្តទុកដាក់ចូលរួម «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»។ ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ដែលត្រូវតែធ្វើឱ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុត ។

ដូច្នេះដើម្បីធានាឱ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអ្នកអនុវត្តន៍ផ្ទាល់នៅតាមឃុំ សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រនិងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ឯកឧត្តម ក៏បានប្រគល់  ប័ណ្ណសរសើរ  លិខិតសរសើរ និងថវិកាមួយចំនួនដល់រដ្ឋបាលក្រុង ស្រុក ដែលជាប់ជ័យលាភីជានិមិត្តរូបផងដែរ។

សូមជម្រាបជូនដែរថា សម្រាប់ខេត្តបាត់ដំបងបានទទួលប័ណ្ណសរសើរ ជ័យលាភីប្រភេទ១ មានចំនួន ៨១ឃុំ-សង្កាត់ ក្នុងមួយឃុំ-សង្កាត់ទទួលបានថវិកា ៥០ម៉ឺនរៀល លិខិតសរសើរ ជ័យលាភីប្រភេទ២ មានចំនួន ១ ឃុំ-សង្កាត់ ទទួលបានថវិកា ៣២៥.០០០រៀល និង លិខិតសរសើរ ជ័យលាភីប្រភេទ៣ ដល់ឃុំ-សង្កាត់មួយចំនួន ដោយទទួលបានថវិកា ២៥០.០០០រៀល ក្នុងមួយឃុំ-សង្កាត់ ផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)