អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ប័ណ្ណក្រីក្រកំពុងបន្តធ្វើជូនពលរដ្ឋ ហើយអ្នកដែលតវ៉ារក ប័ណ្ណក្រីក្រគឺពួកគាត់ពុំទាន់យល់

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០

ចៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង លោកស្រី ភួង ឈួយអេង ដែល​កំពុង​ប្រតិកម្មពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីនៃការប្រគល់ប័ណ្ណសមធម៌គ្រួសារក្រីក្រនោះ  បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះថា ប័ណ្ណសមធម៌សម្គាល់ គ្រួសារក្រីក្រនោះ នៅតែបន្តផ្តល់ជូនប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងសង្កាត់ផ្សារឆ្នាំង តាមជំហានជាបន្តបន្ទាប់ ពុំទាន់បានបញ្ឈប់នៅឡើយនោះទេ ចំពោះប្រជាពលរដ្ឋដែល​តវ៉ានោះគឺ​គាត់ពុំទាន់យល់អំពីការផ្តល់ប័ណ្ណសមធម៌នេះ។ នេះបើយោងតាមមន្ទីរ​ព័ត៌មាន​ខេត្ដកំពង់ឆ្នាំង។

លោកស្រីបានលើកឡើងថា ការផ្តល់ប័ណ្ណសមធម៌គឺធ្វើឡើងក្រោមការវាយតម្លៃពីគណៈ កម្មការ ដែលមានតាំងពីថ្នាក់ភូមិមក ចំពោះប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានៃការផ្តល់ ប័ណ្ណសមធម៌ពុំបានត្រឹមត្រូវនោះ គឺដោយពលរដ្ឋគាត់ពុំទាន់យល់អំពីនីតិវិធីនៃការផ្តល់ ប័ណ្ណសមធម៌។ លោកស្រីបានបន្ដថា ចំពោះប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដនោះគឺ​អាជ្ញាធរនៅតែផ្តល់ជូនដដែល គឺធ្វើឡើងនៅវគ្គក្រោយ ព្រោះថានៅពេលដែលក្រុមវាយ​តម្លៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រចុះសម្ភាសន៍គ្រួសារខ្លះអត់នៅផ្ទះទេ បានចេញទៅរក​ស៊ីក្រៅបាត់អស់។ ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋជាអ្នកមាន ចំនួន៣គ្រួសារ មានផ្ទះក្បឿងធំ មានឡាន មានម៉ូតូជិះ បែរជាបានប័ណ្ណក្រីក្រនោះ  លោកស្រី​ចៅសង្កាត់បានបញ្ជាក់បន្ថែមថា “ការពិតគ្រួសារ១មានផ្ទះក្បឿងធំនោះ គឺជាផ្ទះ​របស់ឪពុកគាត់ និងរស់ក្នុងបន្ទុកឪពុក។ ចំណែករថយន្តមួយគ្រឿងនោះ គឺជារថយន្ត​ដែល​ប្អូនគាត់ទិញឱ្យជិះសម្រាប់ដឹកឥវ៉ាន់លក់ដូរ មិនមែនជារថយន្តផ្ទាល់របស់ប្រជាពលរដ្ឋ​នោះ​ទេ”។

លោកស្រីបានពន្យល់បន្ថែមថា ចំពោះប្រជាពលរដ្ឋខ្លះដែលមកចូលរួមតវ៉ាដែរនោះ បានពិនិត្យឃើញថា គាត់បានផ្លាស់ចេញមូលដ្ឋាននេះដែរហើយ រួចគាត់បានសុំ​ទៅសង្កាត់​ដែលគាត់រស់នៅផងដែរ ហើយគាត់មកសុំប័ណ្ណសមធម៌ម្តងទៀតនៅសង្កាត់ផ្សារ​ឆ្នាំង​ទៀត ដែលគាត់កំពុងតែមានលទ្ធភាពបង់រំលស់ដីផងដែរ និងខុសលក្ខខណ្ឌនៃការផ្តល់​ជូនប័ណ្ណក្រីក្រ។ លោកស្រីចៅសង្កាត់ក៏បានបន្ដទៀតថា ចំពោះគ្រួសារក្រីក្រពិត ឱ្យដាក់​ពាក្យស្នើសុំមកភូមិដើម្បីក្រុមការងារចុះធ្វើសម្ភាសន៍ ហើយបើជាប់ ឬមិនជាប់គឺអាស្រ័យ​លើ​ក្រុមគណៈកម្មការវាយតម្លៃកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។

គួរបញ្ជាក់ថា នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង គឺប្រជាពលរដ្ឋ​មានប័ណ្ណក្រីក្រចំនួន៧៩គ្រួសារ ក្នុងនោះ៧៥គ្រួសារ គឺជាអ្នកមាន ប័ណ្ណក្រីក្រកាល​ពី​​ឆ្នាំ​ចាស់  ចំណែក៤គ្រួសារទៀតបានសម្ភាសន៍ផ្ដល់ប័ណ្ណក្រីក្រថ្មីនៅក្នុងឆ្នាំ២០២០​នេះ៕​

ដោយ នីកា