វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០–

កាលពីថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ថិតនៅវត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរសង្កាត់ និងតំណាងប្រជាពលរដ្ឋសង្កាត់ផ្សារឆ្នាំងជាច្រើននាក់ផងដែរ។

លោក ឡុង សាងៀម  បានមានប្រសាសន៍ថា ការអនុវត្តឱ្យមានប្រសិទ្ធភាព ផែនការសកម្មភាព និង ភាពរីកចម្រើនរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏ដូចជា ចង់ដឹងពីបញ្ហាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ទើបក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងរៀបចំវេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់នេះក្នុង១ឆ្នាំម្តងជារៀងរាល់ឆ្នាំសម្រាប់ធ្វើពិធីនេះ ។ នៅក្នុងវេទិកានេះក៏បានផ្តោតជាសំខាន់ លើបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងភូមិនីមួយៗ ក្នុងសង្កាត់ផ្សារឆ្នាំង ដើម្បីដោះស្រាយ ហើយប្រសិនបើការដោះស្រាយនោះមិនទាន់បាន ត្រូវបន្តឱ្យថ្នាក់ខេត្តដោះស្រាយ និងការដោះស្រាយឱ្យមានល្បឿនឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោកប្រធានក្រុមប្រឹក្សាក្រុង បានបន្តទៀតថា សូមឱ្យអាជ្ញាធរដែនដី លើកពីបញ្ហាដែលកើតមានឡើងក្នុងភូមិ សង្កាត់របស់ខ្លួនមកបញ្ជាក់ក្នុងវេទិកានេះ ដើម្បីឱ្យមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលក្រុងជួយដោះស្រាយ។ លោកប្រធានក្រុមប្រឹក្សាក្រុង ក៏បានបកស្រាយជូនអាជ្ញាធរ និងប្រជាពលរដ្ឋនូវទុកកង្វល់មួយចំនួនដែលប្រជាពលរដ្ឋបានលើកឡើងជាបញ្ហានៅក្នុងអង្គវេទិកាផងដែរ។

លោកប្រធានក្រុមប្រឹក្សាក្រុង បានធ្វើការណែនាំដល់ប្រជាពលរដ្ធនៅក្នុងសង្កាត់ផ្សារឆ្នាំង ត្រូវរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ឬនៅមុខគេហដ្ឋានរបស់ខ្លួន មិនត្រូវដាក់លក់របស់របរ និងតសំយ៉ាប លយចូលមកចិញ្ចើមផ្លូវ និងនៅតាមមាត់ទន្លេដែលមានធ្វើរានហាល និងបង្គាន់អនាម័យព្រោះធ្វើឱ្យប៉ះពាល់ដល់សុខភាព សោភណភាពតាមដងផ្លូវក្នុងក្រុង មាត់ទន្លេ និងវិស័យទេចរណ៍ ជាពិសេសត្រូវទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពភ្ញៀវទេសចរ និងសុខភាពខ្លួនយើងផងដែរ៕ ដោយ៖បៃ ស៊ីថុន