អភិបាលខេត្តរតនគិរី អញ្ជើញបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលស្រុកតាវែង

AKP រតនគិរី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកតាវែង។ ពិធីនេះក៏មានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ និងមន្រ្តីរាជការសាលាស្រុកជាច្រើនរូបទៀត។

ក្នុងពិធីនេះឯកឧត្តម ថងសាវុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសជាតិតំាងពីបាតដៃទទេ រហូតដល់ប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលិកម្មច្រើនណាស់។ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះឱ្យបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមកមិនត្រូវបានអនុញ្ញាតឱ្យសាងសង់សាលាស្រុកទេ គឺសម្រាប់តែចំណាយទៅលើការបម្រើសេវាសាធារណៈ ដូចជាសាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម។ ប៉ុន្តែរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថា តើសាលាស្រុក ក្រុងគួរសាងសង់នៅពេលណា? ជាឱកាសដ៏ល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ ដោយសេដ្ឋកិច្ចជាតិមានការរីកចម្រើន ទើបធ្វើឱ្យកម្រិតថវិកាជាតិ សម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើងជាបន្តបន្ទាប់ ហេតុដូចនេះទើបខេត្តមានលទ្ធភាពសាងសង់សំណង់ទាំងនេះបាន។

ដោយឡែកសម្រាប់ ស្រុកតាវែង រដ្ឋបាលខេត្តបានរៀបចំសាងសង់អគាររដ្ឋបាល ដើម្បីឱ្យមន្រ្តីរាជការមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាសាធារណៈ នៅក្នុងមូលដ្ឋាន ឱ្យមានលក្ខណៈល្អប្រសើរ និងមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកនូវសេវាផ្សេងៗ ផងដែរ។

​សូមបញ្ជាក់ផងដែរថា អគាររដ្ឋបាលស្រុកតាវែងមានកម្ពស់ ៣ជាន់ គិតទាំងជាន់ផ្ទាល់ដី មានបណ្តាយ ២៨ម៉ែត្រ ទទឹង ១០ម៉ែត្រ៕ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)