សត្វគោ ក្របីជិត៤០០ក្បាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដោយឥតគិតថ្លៃ ពីមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០–

កាលពីថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ បសុពេទ្យ ចុះចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺសារទឹកដល់សត្វគោ ក្របី ជាង៤០០ក្បាល ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះក៏មានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ ក្រុមបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យកសិកម្មនាំមុខគេ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ។

ឯកឧត្តម បានបន្តថា ការចុះចាក់វ៉ាក់សាំងដល់សត្វគោ ក្របី នៅពេលនេះ គឺជាផ្នែកមួយនៃការការពារជំងឺសារទឹក និងជំងឺផ្សេងៗទៀត តែទោះជាយ៉ាងនេះក្ដី ក៏ត្រូវការថែទាំពីម្ចាស់សត្វគោ ក្របី របស់ខ្លួន។ បើសិនមានការសង្ស័យថាសត្វទាំងនោះមានកើតជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

ឯកឧត្តមបានណែនាំដល់បងប្អូនប្រជាកសិករ គួរតែកែប្រែពីការចិញ្ចឹមគោជាលក្ខណៈគ្រួសារ មកជាការចិញ្ចឹមគោពាក់កណ្តាលឧស្សហកម្មវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ធានាបានទាំងគុណភាព សុវត្ថិភាព និងអនាម័យ។ គុណប្រយោជន៍ នៃការបង្កាត់ពូជសិប្បនិម្មិត ដែលក្នុងនោះមានទាំងចំណេញពេល និងកម្លាំងពលកម្ម អត្រានៃការបង្កកំណើតខ្ពស់ និងកាត់បន្ថយជំងឺឆ្លង។

ឯកឧត្តមអភិបាល និងក្រុមការងារ ក៏បានចែកវត្ថុអនុស្សាវរីយ៍ជូនដល់ម្ចាស់សត្វគោ ក្របី ចំនួន១០៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសសរុងមួយ៕ដោយ៖បៃ ស៊ី ថុន( ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់)