ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ៦៦គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​​០២ ខែ​កក្កដា ឆ្នាំ២០២០–

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដឹកនាំដោយលោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប​ បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៦៦គ្រួសារ នៅស្រុកសូទ្រនិគម​ ដែលក្នុងនោះមានក្រុមគ្រួសារងាយរងគ្រោះនៅពេលមានវិបត្តិជំងឺកូវីដ-១៩ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការក្រីក្រមាន ចំនួន៦០គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ។ ការចែក និងទទួលអំណោយទាំងនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រនាពេលនោះមានបងប្អូន គ្រួសាររលំផ្ទះ និងផ្ទះរបើកដំបូលទទួលបានក្នុងមួយគ្រួសារគឺ ឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម ហើយអ្នករលំផ្ទះបន្ថែមស័ង្កសី១៦សន្លឹក និងថវិកា២០ម៉ឺនរៀល ឯគ្រួសារផ្ទះរបើកដំបូលទទួលបានស័ង្កសី១០សន្លឹក ថវិកា១០ម៉ឺនរៀល។ ចំ ពោះគ្រួសារងាយរងគ្រោះចំនួន៦០គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស អាវយឺត២ និងថវិកា ៤ម៉ឺនរៀល ផងដែរ។

នាឱកាសនោះលោក ចៅ ម៉ៅមុន្នី បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោ បាយណាមួយឡើយ។

លោកលោក ចៅ ម៉ៅមុន្នី ក៏បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោក ចៅ ម៉ៅមុន្នី ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម។  សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ ជាមួយរាជរដ្ឋាភិបាលយើង និងអនុវត្តន៍ឱ្យបានតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ។ ក្នុងនោះដែរ លោក ចៅ ម៉ៅមុន្នី ក៏បានធ្វើការក្រើនរម្លឹកដល់បងប្អូនកុំឱ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឱ្យមានកើតជំងឺគ្រុនឈាម ៕ ដោយ៖ហង្ស សៀក